គន្លឹះ១០សម្រាប់អ្នកអប់រំឬគ្រូបង្រៀនដែលប្រើប្រាស់កម្មវិធី Zoom ដើម្បីធ្វើអោយថ្នាក់រៀនតាមអនឡាញរបស់អ្នកមានសុវត្ថិភាព

Zoom គឺជាកម្មវិធីសន្និសីទវីដេអូឥតគិតថ្លៃ និងងាយស្រួលសម្រាប់អ្នកប្រើប្រាស់ដែលរួមបញ្ចូលលក្ខណៈពិសេសជាច្រើនសម្រាប់រៀបចំការប្រជុំ និងការបង្រៀនតាមអនឡាញប្រកបដោយប្រសិទ្ធភាព។ ហេតុដូច្នេះ​ វាគ្មានអ្វីប្លែកទេដែលថានៅពេលដែលថ្នាក់រៀនបានផ្លាស់ប្តូរទៅប្រព័ន្ធអនឡាញ ដោយសារតែការបិទសាលារៀនក្នុងកំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ គ្រូបង្រៀន និងអ្នកអប់រំជាច្រើនបានជ្រើសរើសយកកម្មវិធី Zoom ដើម្បីបង្រៀនសិស្សានុសិស្សរបស់ពួកគេពីចម្ងាយ។ ប៉ុន្តែទន្ទឹមនឹងអត្ថប្រយោជន៍ជាច្រើនដែលកម្មវិធីនេះផ្តល់ជូន ការកើនឡើងយ៉ាងឆាប់រហ័សនៃអ្នកប្រើប្រាស់បានបង្ហាញនូវការគំរាមកំហែងសុវត្ថិភាពជាច្រើនផងដែរ។

ដោយសារកម្មវិធី Zoom ដំបូងឡើយត្រូវបានគេរចនាឡើងសម្រាប់សន្និសីទអាជីវកម្មជាជាងការបង្រៀនតាមប្រព័ន្ធអនឡាញ ដូច្នេះកម្មវិធីនេះមិនសូវបានគិតគូរពីការប្រើប្រាស់របស់កុមារនោះទេ។ កម្មវិធីនេះបានរួមបញ្ចូលនូវចំណុចពិសេសដូចជាការចែករំលែកអេក្រង់ និងការថតសម្លេងដែលអាចមានប្រយោជន៍ក្នុងការប្រជុំបែបអាជីវកម្ម ប៉ុន្តែអាចធ្វើឱ្យកុមារប្រឈមនឹងគ្រោះថ្នាក់ក្នុងពេលរៀនតាមប្រព័ន្ធអនឡាញ ប្រសិនបើមានការទាញយកប្រយោជន៍ពីមនុស្សណាម្នាក់។ ការបំពានខាងសន្តិសុខនៅក្នុងកម្មវិធី Zoom ថ្នីៗនេះ ត្រូវបានគេឃើញមាននៅលើទំព័រសារព័ត៌មានទូទាំងពិភពលោក ដោយហេតុថាកុមារបានប្រឈមនឹងមាតិកាដែលបង្កគ្រោះថ្នាក់តាមរយៈកម្មវិធីនេះ។

ឧទាហរណ៍នាពេលថ្មីៗមួយ បានកើតឡើងនៅក្នុងចក្រភពអង់គ្លេសដែលអ្នកវាយប្រហារម្នាក់បានរំខានដល់វគ្គសន្ទនាក្នុងកម្មវិធី Zoom នៃថ្នាក់ហាត់ប្រាណមួយដោយធ្វើការចែកចាយសម្ភារៈរំលោភបំពានផ្លូវភេទដល់កុមារចំនួន៦០នាក់ (អានព័ត៌មានពាក់ព័ន្ធតាមតំណភ្ជាប់ៈ https://www.theguardian.com/society/2020/may/07/zoom-hacker-streams-child-sex-abuse-footage-to-plymouth-children)។ រឿងហេតុធ្ងន់ធ្ងរមួយទៀតបានកើតឡើងនៅប្រទេសសិង្ហបុរីចំពោះកុមារីក្នុងម៉ោងសិក្សាមុខវិទ្យាភូមិវិទ្យាតាមរយៈកម្មវិធី Zoom។ ខណៈកំពុងសិក្សា កុមារីទាំងនោះបានឃើញរូបភាពអាសអាភាសដែលលេចនៅលើអេក្រង់របស់ពួកគេ ហើយអ្នកវាយប្រហារបានបញ្ចេញយោបល់បែបផ្លូវភេទ ​និងប្រមាថ។ ករណីនេះជាករណីមួយដែលនាំឱ្យក្រសួងអប់រំរបស់សិង្ហបុរីបញ្ឈប់ការប្រើប្រាស់កម្មវិធី Zoom សម្រាប់បង្រៀនសិស្ស (https://www.bangkokpost.com/world/1897805/stop-using-zoom-singapore-schools-told)។​ ការលួចចូលបែបនេះដោយការរំខានដោយចេតនាក្នុងកិច្ចប្រជុំ ឬការបង្រៀនដោយអ្នកចូលរួមដែលមិនបានអញ្ជើញត្រូវបានគេសំដៅជាទូទៅជា “Zoombombing” ហើយការណ៍នេះកំពុងកើតឡើងជាញឹកញាប់នៅទូទាំងពិភពលោក។

ខណៈពេលដែលក្រុមហ៊ុនបាននិងកំពុងធ្វើការឥតឈប់ឈរដើម្បីដោះស្រាយការគំរាមកំហែងផ្នែកសុវត្ថិភាព និងធ្វើឱ្យប្រសើរឡើងនូវលក្ខណៈពិសេសដើម្បីជួយការពារអ្នកប្រើប្រាស់របស់ពួកគេ មានវិធានការប្រុងប្រយ័ត្នជាមុនជាច្រើនដែលអ្នកអាច   អនុវត្តដើម្បីទប់ស្កាត់ការរំខានដូចជា ‘Zoombombing’ ប្រសិនបើអ្នកប្រើប្រាស់ Zoom ជាការបង្រៀនតាមអនឡាញ។

១.  រក្សាទុកនូវតំណភ្ជាប់/លេខសម្គាល់ជាលក្ខណៈឯកជន

មានករណីជាច្រើននៃ “Zoombombing” បានកើតឡើងនៅពេលដែលតំណភ្ជាប់ការប្រជុំ ឬលេខសម្គាល់នៃការប្រជុំត្រូវបានគេចែករំលែកជាសាធារណៈនៅក្នុងវេទិកាបើកចំហតាមប្រព័ន្ធអនឡាញ ឬនៅលើបណ្តាញទំនាក់ទំនងសង្គម។ ពេលខ្លះលេខសម្គាល់នៃការប្រជុំត្រូវបានចែករំលែកជាសាធារណៈដោយអចេតនា ដោយសារតែអ្នកចូលរួមបានថតរូបអេក្រង់នៃមេរៀនតាមប្រព័ន្ធអនឡាញរបស់ពួកគេ ហើយបន្ទាប់មកបានចែករំលែកវានៅលើបណ្តាញទំនាក់ទំនងសង្គម ដោយមិនដឹងថាលេខសម្គាល់អ្នកប្រើប្រាស់ត្រូវបានបង្ហាញនៅក្នុងរូបភាពដែលពួកគេបានថតនោះទេ។ ទាំងនេះបានអនុញ្ញាតឱ្យភ្ញៀវដែលមិនបានអញ្ជើញអាចចូលមើលមេរៀនបាន ហើយរំខានការរៀនសូត្រតាមដែលពួកគេចង់។

ដើម្បីទប់ស្កាត់បញ្ហានេះ ត្រូវប្រាកដថាតំណភ្ជាប់ និងលេខសម្គាល់នៃការប្រជុំត្រូវបានចែករំលែកតែជាមួយអ្នកដែលអ្នកចង់បាននៅក្នុងមេរៀនតែប៉ុណ្ណោះ ហើយប្រសិនបើរូបថតអេក្រង់ត្រូវបានគេយកចេញពីមេរៀន ពួកគេមិនត្រូវបានចែកចាយជាសាធារណៈនោះទេ ហើយគ្មានព័ត៌មានដែលអាចកំណត់អត្តសញ្ញាណបានទេ។ ត្រូវតែប្រាកដផងដែរថាត្រូវធ្វើឱ្យលេខសម្គាល់នៃការប្រជុំមានតែមួយគត់ និងពិបាកក្នុងការបកស្រាយរៀងរាល់មេរៀនថ្មី។

២.  តែងតែប្រើ “បន្ទប់រង់ចាំ” ជានិច្ច ហើយបិទមុខងាររបស់អ្នកចូលរួមដែលអាចចូលមុនអ្នក

លក្ខណៈពិសេសនៃ “បន្ទប់រង់ចាំ” អនុញ្ញាតឱ្យម្ចាស់កំណត់អត្តសញ្ញាណមនុស្សម្នាក់ៗដែលចូលប្រជុំ ហើយយល់ព្រមពួកគេម្នាក់ដងៗមុនពេលអនុញ្ញាតឱ្យពួកគេចូលបន្ទប់ប្រជុំ។ ការធ្វើបែបនេះអាចទប់ស្កាត់ភ្ញៀវមិនស្គាល់ និងមិនចង់បានពីការចូលរួមការប្រជុំ។ ថ្មីៗនេះ កម្មវិធី Zoom បានកំណត់លក្ខណៈពិសេសជាវិធានការណ៍សុវត្ថិភាពដើម្បីជួយការពារអ្នកប្រើប្រាស់។ ទោះបីជាយ៉ាងណាក៏ដោយ ត្រូវប្រាកដថាអ្នករក្សាលក្ខណៈពិសេសនេះនៅគ្រប់មេរៀននីមួយៗ។ ត្រូវប្រាកដថាមុខងារ “Join before host” ត្រូវបានបិទចោលដើម្បីការពារស្ថានភាពដែលមាននរណាម្នាក់អាចចូលមុនពេលអ្នកនៅទីនោះ។

៣. ការពារមេរៀនរបស់អ្នកជាមួយលេខសម្ងាត់

មធ្យោបាយមួយផ្សេងទៀតក្នុងការត្រួតពិនិត្យការចូលទៅមេរៀនរបស់អ្នកចូលរួម គឺដោយការចាក់សោរមេរៀនថ្មីនិមួយៗដោយលេខសម្ងាត់ដែលអាចឲ្យអ្នកចូលរួមចូលបាននៅពេលមានលេខសម្ងាត់។ ការផ្លាស់ប្តូរលេខសម្ងាត់ជាមួយមេរៀននីមួយៗ ហើយមិនប្រើប្រាស់លេខសម្ងាត់ចាស់របស់មេរៀនចាស់នឹងជួយក្នុងការកាត់បន្ថយឱកាសដែលលេខសម្ងាត់ដែលនឹងអាចធ្លាក់ដល់ដៃមនុស្សខុស។ នៅពេលអ្នកចែករំលែកលេខសម្ងាត់ជាមួយនរណាម្នាក់ដែលអ្នកអញ្ជើញ ត្រូវប្រាកដថាអ្នកធ្វើដូច្នេះតាម   រយៈបណ្តាញសុវត្ថិភាព និងឯកជន។

៤.  នៅពេលដែលមនុស្សគ្រប់គ្នាស្ថិតនៅក្នុងកិច្ចប្រជុំ សូមចាក់សោរកិច្ចប្រជុំ

នៅពេលដែលអ្នកដឹងថាមនុស្សគ្រប់រូបដែលអ្នកបានអញ្ជើញមានវត្តមានរួចហើយ អ្នកមានលទ្ធភាពចាក់សោរដើម្បីទប់ស្កាត់អ្នកដទៃមិនឱ្យចូលរួម។ ដើម្បីធ្វើដូចនោះ សូមចុចប៊ូតុងអ្នកចូលរួមនៅផ្នែកខាងក្រោមនៃ Zoom window ហើយបន្ទាប់មកចុច “Lock Meeting”។

៥.  កំណត់ការចែករំលែកអេក្រង់

ការចែករំលែកអេក្រង់ គឺជាឧបករណ៍ដែលមានប្រយោជន៍សម្រាប់អ្នកអប់រំដែលចង់ចែករំលែក និងពិភាក្សាអំពីខ្លឹមសារជាក់លាក់ជាមួយសិស្សរបស់ពួកគេអំឡុងពេលរៀន។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើលក្ខណៈពិសេសនេះមិនត្រូវបានចាក់សោរឱ្យអ្នករៀបចំកិច្ចប្រជុំតែម្នាក់ឯង នោះវាអនុញ្ញាតឱ្យអ្នកចូលរួមសម្រេចចិត្តនូវអ្វីដែលត្រូវបង្ហាញនៅលើអេក្រង់ នៅពេលណាមួយដែលមិនមានការត្រួតពិនិត្យ។ ដោយដាក់កម្រិតលើលក្ខណៈពិសេសនេះដល់ខ្លួនអ្នកក្នុងនាមជាម្ចាស់ អ្នកអាចទប់ស្កាត់អ្នកចូលរួមមិនអោយបង្ហាញពីមាតិកាដែលមិនចង់បាន មានដូចជារូបភាពអាសអាភាស។ លើសពីនេះទៀត អ្នកអាចបិទចោលវីដេអូជាក់លាក់មួយរបស់អ្នកចូលរួម ហើយបិទវាក្នុងករណីមានការបង្ហាញមិនសមរម្យនៅពីមុខកាមេរ៉ារបស់ពួកគេ។

៦.  បិទសម្លេង/ដកចេញអ្នកចូលរួមណាដែលធ្វើឲ្យបែកធ្លាយមេរៀន និង/ឬ មានសកម្មភាពមិនសមរម្យ

ក្នុងនាមជាអ្នករៀបចំកិច្ចប្រជុំ/បង្រៀ​ន អ្នកមានលទ្ធភាពក្នុងការបិទសម្លេង ឬដកមនុស្សណាម្នាក់ចេញពីការប្រជុំបានគ្រប់      ពេល។ នេះរួមបញ្ចូលទាំងជម្រើសដើម្បីបិទសម្លេងអ្នកចូលរួមដែលកំពុងប្រើភាសាប្រមាថមើលងាយ ឬមានយោបល់បែបផ្លូវភេទ ដើម្បីទប់ស្កាត់អ្នកចូលរួមដទៃទៀតមិនអោយស្តាប់លឺ ឬជម្រើសដើម្បីលុបចោលអ្នកចូលរួមដែលមិនបានអញ្ជើញដែលព្យាយាមគ្រប់គ្រងមេរៀន និងធ្វើឱ្យមានការរំខានដល់អ្នកចូលរួម។ អ្នកអាចដកចេញ ឬបិទសម្លេងអ្នកចូលរួមណាម្នាក់ដោយដាក់ mouse នៅពីលើឈ្មោះអ្នកចូលរួម ហើយជ្រើសរើសសកម្មភាពដែលចង់បាន។

៧.  រាយការណ៍អំពីអ្នកប្រើប្រាស់ណាដែលចែកចាយសម្ភារៈបែបហឹង្សា និងខុសច្បាប់ក្នុងពេលប្រជុំ

លក្ខណៈពិសេសថ្មីមួយទៀតដែលត្រូវបានបន្ថែមទៅក្នុងកម្មវិធី Zoom គឺលទ្ធភាពរាយការណ៍អំពីឧប្បត្តិហេតុដែលគួរឱ្យរំខាន ឬ អ្នកប្រើប្រាស់ដែលលួចចូលក្នុងការប្រជុំ និងបំផ្លាញការប្រជុំនោះ។ ជាមួយនឹងការរំលោភលើល័ក្ខខ័ណ្ឌនៃសេវាកម្ម Zoom ក្រុមហ៊ុននឹងចាត់វិធានការតាមផ្លូវច្បាប់ជាចាំបាច់។

អ្នកអាចរាយការណ៍អំឡុងពេលប្រជុំដោយចុចរូបតំណាងសុវត្ថិភាព ហើយបន្ទាប់មកយកជម្រើសរាយការណ៍។ បន្ទាប់មកវានឹងសួរអ្នកពីឈ្មោះអ្នកចូលរួម និងហេតុផលសម្រាប់ការរាយការណ៍ជាមួយជម្រើសដើម្បីបន្ថែមព័ត៌មាន ដូចជារូបថតអេក្រង់ ឬរូបថតដែលពិពណ៌នាអំពីបញ្ហា។ ប្រសិនបើអ្នកចង់រាយការណ៍បន្ទាប់ពីមេរៀនត្រូវបានបញ្ចប់ អ្នកអាចផ្ញើអ៊ីម៉ែលទៅកាន់ trust@zoo.us​ ជាមួយនឹងការពិពណ៌នាអំពីឧប្បត្តិហេតុ – រួមទាំងកាលបរិច្ឆេទនៃឧប្បត្តិហេតុ លេខសម្គាល់ការប្រជុំ អ្នកចូលរួមដែលអ្នកចង់រាយការណ៍ប្រសិនបើមាន និងប្រភេទនៃការរំលោភបំពាន។

៨.  ត្រូវប្រើប្រាស់ប្រភេទកម្មវិធី Zoom ដែលថ្មីបំផុត

ចាប់តាំងពីកម្មវិធី Zoom កែលម្អលក្ខណៈពិសេសរបស់វាជាប្រចាំ និងដោះស្រាយការគំរាមកំហែងផ្នែកសុវត្ថិភាព វាជាការសំខាន់ដើម្បីបន្តធ្វើបច្ចុប្បន្នភាពលើកំណែទម្រង់ដែលអ្នកត្រូវតែប្រាកដថាអ្នកកំពុងប្រើប្រាស់កម្មវិធីចុងក្រោយគេបង្អស់ និងមានលក្ខណៈថ្មីបំផុត។ ជាមួយនឹងរាល់កំណែទម្រង់ថ្មី ត្រូវប្រាកដថាអ្នកត្រួតពិនិត្យការកំណត់សុវត្ថិភាព និងធានាថារាល់   លក្ខណៈសុវត្ថិភាពទាំងអស់ត្រូវបានកំណត់តាមបទដ្ឋានសុវត្ថិភាពអតិបរមា។

៩.  ទទួលបានការយល់ព្រមពីមាតាបិតាចំពោះការប្រើប្រាស់របស់កុមារលើកម្មវិធីនេះ

នៅអំឡុងពេលដែលមនុស្សគ្រប់វ័យអាចចូលរួមការប្រជុំបាន យោងទៅតាមល័ក្ខខ័ណ្ឌនៃសេវាកម្ម Zoom មានតែមនុស្សដែលមានអាយុលើសពី១៦ឆ្នាំប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតអោយបង្កើតគណនីផ្ទាល់ខ្លួនរបស់ពួកគេ។ ក្នុងនាមជាគ្រូបង្រៀន វាជាទំនួលខុសត្រូវរបស់អ្នកក្នុងការធានាឱ្យឪពុកម្តាយដឹងពីលក្ខខណ្ឌនៃសេវាកម្ម ហើយពួកគេយល់ព្រមឱ្យកូនៗចូលរួមក្នុងការរៀនសូត្រតាមរយៈកម្មវិធី Zoom។ សូមពិភាក្សាជាមួយពួកគេអំពីហានិភ័យដែលអាចកើតមាន ហើយណែនាំពួកគេឱ្យត្រួតពិនិត្យរបៀបដែលកុមារអាចប្រើប្រាស់កម្មវិធីនោះ។

១០. សូមពិចារណាក្នុងកាប្រើប្រាស់កម្មវិធីតាមអនឡាញដែលមានសុវត្ថិភាពសម្រាប់ការបង្រៀន

មានទម្រង់កម្មវិធីវីដេអូផ្សេងៗទៀតដែលមានសុវត្ថិភាពជាងកម្មវិធី Zoom។ ប្រសិនបើអ្នក ឬសាលារៀនរបស់អ្នកនៅតែប្រើប្រាស់ Zoom វាគឺសាកសមនឹងការរកមើលជម្រើសដែលមានសុវត្ថិភាពជាងមុនសម្រាប់ការបង្រៀនតាមប្រព័ន្ធអនឡាញ។ ឧទាហរណ៍ Google Meet តម្រូវឲ្យម្ចាស់ប្រើលេខសម្គាល់ការប្រជុំដែលស្មុគស្មាញ និងប្លែកដែលធ្វើឱ្យវាពិបាកសម្រាប់អ្នកដទៃដើម្បីលួច និងរកឃើញ។ លើសពីនេះទៅទៀត អ្នកចូលរួមពីខាងក្រៅអាចប្រើតំណភ្ជាប់ទៅកាន់ការប្រជុំបានលុះត្រាតែពួកគេនៅលើប្រតិទិនអញ្ជើញសម្រាប់ការប្រជុំ ឬប្រសិនបើពួកគេធ្លាប់ត្រូវបានអញ្ជើញដោយក្នុងនាមកម្មសិទ្ធិជាអ្នកចូលរួមពីវគ្គ Google Meet។ នេះធ្វើឱ្យវាកាន់តែមិនទំនងដែលថាមេរៀននឹងត្រូវបានបំផ្លាញដោយអ្នកប្រើប្រាស់ដែលមិនបានអញ្ជើញ។

ទោះជាយ៉ាងណា គ្មានទម្រង់កម្មវិធីតាមអនឡាញណាដែលមានសុវត្ថិភាព១០០%ពីការគំរាមកំហែងផ្នែកសន្តិសុខនោះទេ ហើយទម្រង់កម្មវិធីណាមួយដែលត្រូវបានប្រើសម្រាប់ការរៀនសូត្រតាមប្រព័ន្ធអនឡាញ ជាក់ស្តែងគួរតែត្រូវបានធ្វើបន្ទាប់ពី  អនុវត្តរាល់វិធានការការពារដើម្បីរក្សាមេរៀនរបស់អ្នកឱ្យមានសុវត្ថិភាព។

Share this article
Share on facebook
Share on twitter

Report it, Don’t ignore it If you see child sexual abuse images online.