វិធានណែនាំសម្រាប់ឪពុកម្តាយ៖ កំណើនហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ និងអ្វីដែលឪពុកម្តាយអាចធ្វើបានដើម្បីបង្ការទប់ស្កាត់

សេចក្តីសង្ខេប

ប្រសិនបើលោកអ្នកជាឪពុកម្តាយ ឬអាណាព្យាបាលរបស់កុមារដែលចំណាយពេលវេលាច្រើនតាមអនឡាញ        ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ វិធានណែនាំខាងក្រោមនេះនឹងអាចជួយអ្នកបាន៖

 • យល់ដឹងអំពីអ្វីជាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ នរណាជាជនល្មើស ហើយពួកគេអាចស្វែងរកកុមារតាមអនឡាញដោយរបៀបណា
 • ដឹងពីកន្លែងដែលនាំឲ្យកុមារអាចជួបនឹងហានិភ័យតាមប្រព័ន្ធអនឡាញ
 • ស្វែងយល់ពីវិធានការការពារផ្សេងៗដើម្បីអោយកុមារទទួលបានបទពិសោធន៍តាមប្រព័ន្ធអនឡាញប្រកបដោយសុវត្ថិភាព
 • ទទួលបានគន្លឹះដែលមានប្រយោជន៍ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា ក្នុងការប្រាស្រ័យទាក់ទងជាមួយកូនរបស់អ្នកក្នុងកំឡុងពេលជំងឺកូវីដ១៩

ការរស់នៅ និងទម្លាប់ជាទៀងទាត់របស់កុមារប្រមាណ៦លាននាក់ដែលរស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ហើយបានបង្ខំឱ្យពួកគេផ្លាស់ប្តូរទៅរកជម្រើសតាមបែបអនឡាញ ទាំងការសិក្សានិងទំនាក់ទំនងសង្គម។ ខណៈពេលដែលជម្រើសតាមអនឡាញផ្តល់នូវសុវត្ថិភាពដើម្បីឲ្យពួកគេជៀសផុតពីការឆ្លងមេរោគនោះ ក៏ដូចជាផ្តល់នូវអត្ថប្រយោជន៍ដល់សុខុមាលភាព និងការអភិវឌ្ឍរបស់កុមារ តែវាក៏មានការកើនឡើងនូវហានិភ័យនៃការប្រើប្រាស់អ៊ីនធឺណិតដ៏លើសលប់ចំពោះកុមារ ហើយហានិភ័យដែលគួរឲ្យព្រួយបារម្ភក្នុងចំណោមហានិភ័យជាច្រើនដទៃទៀត គឺការកើនឡើងនូវការប្រឈមនឹងហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ។

ជនល្មើសផ្លូវភេទលើកុមារតាមអនឡាញ កំពុងឆ្លៀតឱកាសទាញយកប្រយោជន៍ពីស្ថានភាពដែលកុមារចំណាយពេលច្រើនតាមអនឡាញ ដើម្បីស្វែងរកពួកគេក្នុងគោលបំណងកេងប្រវ័ញ្ចផ្លូវភេទ។ កង្វះការយល់ដឹងអំពីកត្តាដែលនាំឲ្យមានការប្រឈមនឹងហានិភ័យទាំងកុមារ និងឪពុកម្តាយ បានធ្វើឱ្យជនល្មើសអាចកេងប្រវ័ញ្ចពីភាពងាយរងគ្រោះរបស់កុមារតាមអនឡាញ និងលួងលោមកុមារឱ្យមានទំនាក់ទំនងដែលនាំទៅរកការរំលោភបំពាន។

ក្នុងនាមជាឪពុកម្តាយ ឬអាណាព្យាបាល អ្នកមានលទ្ធភាពក្នុងការជួយការពារពួកគេពីហានិភ័យទាំងនោះបាន ហើយអ្នកក៏អាចកាត់បន្ថយការប្រឈមរបស់ពួកគេទៅនឹងហានិភ័យតាមប្រព័ន្ធអនឡាញផងដែរ។ វិធានណែនាំនេះនឹងផ្តល់ជូនលោកអ្នកនូវព័ត៌មានសំខាន់ៗស្តីពីហានិភ័យតាមប្រព័ន្ធអនឡាញ  និងឧបករណ៍ដើម្បីជួយអ្នកក្នុងការតាមដានពីសកម្មភាពអនឡាញរបស់កុមារ អាចអប់រំពួកគេដើម្បីឆ្ពោះទៅរកជម្រើសដ៏ឆ្លាតវៃ ក៏ដូចជាលើកទឹកចិត្តឱ្យមានការសន្ទនាដោយបើកចំហ និងប្រកបដោយសុខុមាលភាពជាមួយពួកគេក្នុងកំឡុងពេលនៃជំងឺរាតត្បាតនេះ ដើម្បីការពារពួកគេឲ្យមានសុវត្ថិភាពពីគ្រោះថ្នាក់តាមប្រព័ន្ធអនឡាញ។

តោះចាប់ផ្តើមជាមួយនឹងការយល់ដឹងពីហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ

ក្នុងនាមជាឪពុកម្តាយ វាពិតជាគួរឱ្យខ្លាចក្នុងការគិតអំពីការប្រឈមរបស់កូនទៅនឹងគ្រោះថ្នាក់។ ពួកយើងប្រហែលជាគិតថា ប្រសិនបើកូនៗរបស់យើងស្នាក់នៅផ្ទះ នោះពួកគេនឹងត្រូវបានការពារ និងរួចផុតពីគ្រោះថ្នាក់ផ្សេងៗ។​       ខណៈពេលដែលពួកគេកំពុងអង្គុយនៅក្នុងបន្ទប់យ៉ាងមានផាសុខភាព យើងអាចមើលរំលងពីហានិភ័យដែលអាចកើតឡើងតាមរយៈការចូលប្រើប្រាស់កុំព្យូទ័រ ទូរស័ព្ទវៃឆ្លាត ឬឧបករណ៍ថេប្លេតរបស់ពួកគេ។ ទោះជាយ៉ាងនេះក៏ដោយ កុមារអាចជួបប្រទះនូវហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ ដែលមានលក្ខណៈដូចទៅនឹងការកេងប្រវ័ញ្ចផ្លូវភេទផ្ទាល់ដែរ។

 • តើអ្នកដឹងទេថាអ្វីជាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ?

តាមនិយមន័យ​ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ គឺសំដៅទៅលើការប្រព្រឹត្ដណាមួយដែលមានចេតនាកេងប្រវ័ញ្ចផ្លូវភេទចំពោះកុមារ តាមរយៈការភ្ជាប់ទំនាក់ទំនងទៅនឹងប្រព័ន្ធអនឡាញ។

ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ អាចកើតមានឡើងចំពោះក្មេងប្រុស និងក្មេងស្រី ទាំងកុមារតូច​និងកុមារធំ ដែលជនល្មើសអាចជាមនុស្សចម្លែក ឬនរណាម្នាក់ដែលកុមារធ្លាប់ស្គាល់ក៏ថាបាន។ វាអាចកើតឡើងដោយការទាក់ទងផ្ទាល់រវាងកុមារ និងជនល្មើស​ តាមរយៈការទាក់ទងតាមអនឡាញ ដើម្បីជួយសម្រួលឲ្យមានការជួបផ្ទាល់ជាមួយកុមារដើម្បីកេងប្រវ័ញ្ចផ្លូវភេទ ឬក៏ពេលខ្លះមិនមានការជួបផ្ទាល់រវាងកុមារ និងជនល្មើសឡើយ ជាឧទាហរណ៍នៅពេលដែលជនល្មើសស្នើសុំ  ផលិត និង/ឬចែកចាយរូបភាព និងវីដេអូរបស់កុមារក្នុងស្ថានភាពផ្លូវភេទតាមប្រព័ន្ធអនឡាញ។

 • អ្វីដែលយើងដឹងអំពីជនល្មើស និងមធ្យោបាយដែលពួកគេទាក់ទងកុមារតាមប្រព័ន្ធអនឡាញ

តាមប្រព័ន្ធអនឡាញ វាពិតជាមានភាពងាយស្រួលចំពោះជនល្មើស ក្នុងការលាក់បាំងពីសមាសភាពពិតរបស់ពួកគេ។ ជាឧទាហរណ៍ពួកគេអាចប្រើប្រាស់ឈ្មោះ និងរូបភាពក្លែងក្លាយជាកុមារណាម្នាក់ ដើម្បីងាយស្រួលក្នុងការធ្វើឲ្យកុមារដទៃទៀតជឿទុកចិត្ត និងប្រាស្រ័យទាក់ទងជាមួយ។ ជនល្មើសអាចកសាងទំនាក់ទំនងដោយការកុហកថាខ្លួនមានចំណាប់អារម្មណ៍ស្រដៀងគ្នាជាមួយកុមារ ឬដោយការកេងប្រវ័ញ្ចនូវតំរូវការផ្នែកអារម្មណ៍ ឬរាងកាយរបស់កុមារ។ ជនល្មើសក៏អាចផ្តល់ប្រាក់ ឬប្រើឧបាយកល ការសន្យាមិនពិតនានាដើម្បីកសាងទំនាក់ទំនងជាមួយកុមារ។ នៅពេលដែលពួកគេទទួលបានការទុកចិត្តពីកុមារហើយ ពួកគេនឹងព្យាយាមកេងប្រវ័ញ្ចផ្លូវភេទលើពួកគេ តាមរយៈការបញ្ចុះបញ្ចូលកុមារឱ្យផ្ញើសម្ភារៈផ្លូវភេទ សម្តែងសកម្មភាពបែបផ្លូវភេទនៅមុខកាមេរ៉ា ឬក៏ជាការណាត់ជួបផ្ទាល់ក្នុងគោលបំណងផ្លូវភេទ។

វិធីសាស្រ្តទូទៅដែលជនល្មើសប្រើដើម្បីធ្វើឱ្យកុមារនៅតែបន្តផ្ញើឲ្យពួកគេនូវសម្ភារៈផ្លូវភេទនោះ គឺការបញ្ចុះបញ្ចូលកុមារឱ្យផ្ញើរូបថតមួយសន្លឹក ហើយបន្ទាប់មកជនល្មើសប្រើវាដើម្បីគំរាមកំហែងកុមារឱ្យបញ្ជូនសម្ភារៈបន្ថែម ឬជាការជួបផ្ទាល់។

ដូចដែលបានឃើញនូវឧទាហរណ៍មួយដែលជាករណីរបស់អង្គការសកម្មភាពដើម្បីកុមារ បានធ្វើការដោះស្រាយ ជាមួយកុមារ ដែលត្រូវបានគេជំរិតគម្រាមតាមប្រព័ន្ធអនឡាញក្នុងគោលបំណងផ្លូវភេទ។ ក្នុងករណីនេះ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ បានចាប់ផ្តើមទំនាក់ទំនងតាមរយៈហ្វេសប៊ុកជាមួយមនុស្សម្នាក់ដែលមើលទៅមានវ័យស្របាលអាយុរបស់នាងតាមរយៈរូបភាពរបស់ជននោះ។ ពួកគេបានផ្ញើសារតាមអនឡាញ និងផ្លាស់ប្តូររូបភាពគ្នាទៅវិញទៅមក។ បន្ទាប់មកជនល្មើសបានប្រើប្រាស់កម្មវិធីកែសម្រួលរូបថត ដើម្បីធ្វើឱ្យរូបថតដែលនាងផ្ញើមកមានលក្ខណៈអាក្រាត ហើយធ្វើការគំរាមថានឹងផ្ញើរូបនោះទៅឲ្យមិត្តរបស់នាងទាំងអស់ ប្រសិនបើនាងមិនផ្ញើរូបថតអាក្រាតពិតៗរបស់នាងទៅឲ្យជននោះទេ។ ដោយភាពភ័យខ្លាច នាងបានផ្ញើរូបភាពតាមដែលជននោះបានទាមទារ ប៉ុន្តែជនល្មើសមិនបានបញ្ឈប់ត្រឹមនេះទេ ហើយថែមទាំងស្នើសុំរូបថតថែមទៀត។ ក្មេងស្រីនេះមានការភ័យខ្លាច និងព្យាយាមធ្វើអត្តឃាត ប៉ុន្តែសំណាងល្អ នាងត្រូវបានគេរកឃើញ និងជួយសង្គ្រោះទាន់ពេលវេលា។ ការរាយការណ៍ដែលអង្គការសកម្មភាពដើម្បីកុមារបានទទួល បានអនុញ្ញាតឱ្យអ្នកវិភាគបណ្តាញរាយការណ៍ពិសេសរបស់យើងចាត់វិធានការដកមាតិកាបែបផ្លូវភេទនោះចេញពីគេហទំព័រ ហើយអាចឱ្យក្មេងស្រីនោះទទួលបានជំនួយ។

វាជាការសំខាន់ណាស់ដែលត្រូវដឹងថា កុមារនឹងមិនត្រូវស្តីបន្ទោសចំពោះករណីនៃការរំលោភបំពានឡើយ ហើយវា ជាកំហុសរបស់ជនល្មើស។ នៅពេលដែលកុមារត្រូវបានគេកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ វាជារឿងធម្មតាដែលកុមារតែងត្រូវបានគេលួងលោម បោកបញ្ឆោត បង្ខិតបង្ខំ ឬរៀបចំឱ្យចូលរួមក្នុងសកម្មភាពផ្លូវភេទរបស់ជន   ល្មើស។ ទោះបីជាពួកគេបានប្រាស្រ័យទាក់ទងយ៉ាងសកម្មជាមួយជនល្មើស និងបញ្ជូនសម្ភារៈផ្លូវភេទដោយខ្លួនឯងក៏ដោយ ក៏ពួកគេធ្វើវាឡើងដោយសារតែការមិនយល់ដឹងច្បាស់ពីផលវិបាកនៃសកម្មភាពរបស់ពួកគេ។

 • តើការកេងប្រវ័ញ្ចផ្លូវភេទលើកុមារកើតឡើងនៅកន្លែងណាខ្លះលើប្រព័ន្ធអ៊ីនធឺណិត?

តាមរយៈបទពិសោធន៍ និងស្ថិតិរបស់យើង ការប្រាស្រ័យទាក់ទងភាគច្រើនរវាងជនល្មើសនិងកុមារតែងកើតឡើងនៅលើកម្មវិធីតាមអនឡាញមួយចំនួនដូចជា បណ្តាញទំនាក់ទំនងសង្គម កម្មវិធីហ្គេមអនឡាញ កម្មវិធីជជែក        កំសាន្ត និងកម្មវិធីវីដេអូ។ ជាឧទាហរណ៏ កម្មវិធីអនឡាញដែលពេញនិយមទាំងនោះរួមមាន Facebook TikTok Mobile Legends Bang Bang Facebook Messenger Telegram និងInstagram ជាដើម។ បើទោះបីជាកម្មវិធីទាំងនេះមានអត្ថប្រយោជន៍ច្រើនសម្រាប់កុមារ អាចឲ្យកុមារមានទំនាក់ទំនងជាមួយមិត្តភក្តិរបស់គេ រៀនពីអ្វីដែលថ្មីៗ និងបង្ហាញពីគំនិតច្នៃប្រឌិត យើងក៏គួរគប្បីយល់ដឹងពីហានិភ័យដែលពាក់ព័ន្ធផងដែរ។

កម្មវិធីតាមប្រព័ន្ធអនឡាញនីមួយៗ មានលក្ខណៈពិសេសផ្សេងៗគ្នាសម្រាប់ប្រើប្រាស់ក្នុងការប្រាស្រ័យទាក់ទងហើយត្រូវបានទាញយកប្រយោជន៍ពីជនល្មើសតាមប្រព័ន្ធអនឡាញ។ ឥរិយាបទបែបហានិភ័យរបស់កុមារក្នុងពេលប្រើប្រាស់កម្មវិធីទាំងនេះរួមមានការចែករំលែកព័ត៌មានផ្ទាល់ខ្លួនបែបឯកជន ដូចជាលេខទូរស័ព្ទ ឬអាសយដ្ឋានដែលអាចឱ្យជនល្មើសស្វែងរកកុមារឃើញ។ ពួកគេអាចដាក់បញ្ចូលរូបថតរបស់ពួកគេ ដោយមិនបានយល់ថាអ្វីដែលមាននៅលើអនឡាញ នឹងអាចស្ថិតនៅលើអនឡាញជារៀងរហូត ទោះបីជាវាត្រូវបានគេលុបចោលក៏ដោយ។ ហើយឥរិយាបទបែបហានិភ័យរបស់កុមារមួយទៀតគឺ ការជជែក និងការប្រាស្រ័យទាក់ទងជាមួយមនុស្សដែលពួកគេមិនធ្លាប់បានជួបពីមុនតាមអនឡាញ។ ឥរិយាបទបែបហានិភ័យលើកម្មវិធីទាំងនេះ អាចបង្កើនហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។

ដើម្បីស្វែងយល់បន្ថែមអំពីហានិភ័យផ្សេងៗនៅលើកម្មវិធីអនឡាញ និងវិធីដើម្បីការពារកុមារឱ្យមានសុវត្ថិភាព សូមចុចត្រង់តំណនេះ (បង្កើតតំណភ្ជាប់ទៅនឹងអត្ថបទស្តីពីហានិភ័យនៃកម្មវិធីដែលពេញនិយមតាមប្រព័ន្ធអនឡាញ)

 • ចំណុចសំខាន់ដែលត្រូវចងចាំអំពីផលប៉ះពាល់នៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ

ទោះជាមាន ឬមិនមានការប្រាស្រ័យទាក់ទងដោយផ្ទាល់រវាងជនល្មើស និងកុមារក៏ដោយ ក៏ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញគឺតែងតែមានសភាពធ្ងន់ធ្ងរ ហើយអាចមានផលប៉ះពាល់អាក្រក់ដល់កុមារដូចដែលកើតឡើងក្រៅប្រព័ន្ធអ៊ីនធឺណិតដែរ។ ដូច្នេះវាចាំបាច់ណាស់ដែលករណីនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ នឹងមិនត្រូវព្រងើយកន្តើយ ហើយត្រូវធ្វើឱ្យប្រាកដថាកុមារនឹងទទួលបានជំនួយពីអ្នកផ្តល់សេវាដើម្បីធានាថាពួកគេនឹងអាចស្តារសុខុមាលភាពរបស់ពួកគេឡើងវិញបាន។

ក្នុងនាមជាឪពុកម្តាយ ឬអាណាព្យាបាលរបស់កុមារ អ្នកអាចធ្វើឲ្យប្រាកដថាបទពិសោធន៍តាមប្រព័ន្ធអនឡាញរបស់កុមារមានសុវត្ថិភាព តាមរយៈការអនុវត្តនូវវិធានការការពារដូចខាងក្រោម។

ទោះបីជាមានហានិភ័យចំពោះកុមារតាមប្រព័ន្ធអនឡាញក៏ដោយ ក៏មានវិធីជាច្រើនដែលអ្នកអាចធ្វើបានដើម្បីកាត់បន្ថយការប្រឈមរបស់កុមារទៅនឹងហានិភ័យ ក៏ដូចជាអាចការពារពួកគេពីគ្រោះថ្នាក់ណាមួយ នៅពេលពួកគេ  កំពុងអនឡាញ។ ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលអ្នកអាចអនុវត្តដើម្បីលើកកម្ពស់បទពិសោធន៍តាមអនឡាញរបស់កុមារប្រកបដោយសុវត្ថិភាព។

 • ស្វែងយល់ជាប្រចាំពីកម្មវិធី និងឧបករណ៍ដែលកូនរបស់អ្នកប្រើ ក៏ដូចជាយល់ដឹងពីវិធីការពារពួកគេឱ្យមានសុវត្ថិភាព

ប្រព័ន្ធអ៊ីនធឺណិតកំពុងវិវឌ្ឍ និងជឿនលឿនឥតឈប់ឈរ ហើយវាពិតជាមិនមានភាពងាយស្រួលក្នុងការតាមដាននូវកម្មវិធីទាំងនោះ និងផលប៉ះពាល់របស់វាទៅលើសុវត្ថិភាពកុមារតាមអនឡាញ។ ប៉ុន្តែការតាមដានជាប្រចាំជាមួយនឹងការវិវឌ្ឍនៃការប្រើប្រាស់អ៊ីនធឺណិតរបស់កុមារ អាចជួយរក្សាសុវត្ថិភាពពួកគេពីហានិភ័យថ្មីៗដែលអាចនឹងកើនឡើង។

សូមសួរកូនរបស់អ្នកថាតើកម្មវិធីប្រភេទណាដែលពួកគេតែងប្រើនៅពេលពួកគេអនឡាញ។ អ្នកអាចសុំឱ្យពួកគេបង្រៀនអ្នកអំពីកម្មវិធីទាំងនោះ ប្រសិនបើអ្នកមិនសូវស្គាល់ ហើយផ្តល់ឱ្យអ្នកនូវគន្លឹះមួយចំនួនដែលពួកគេដឹង។ សកម្មភាពទាំងនេះ នឹងបង្ហាញនូវចំណាប់អារម្មណ៍ និងទំនាក់ទំនងល្អរបស់អ្នកក្នុងជីវិតពួកគេ ហើយក៏ជួយអ្នកឱ្យយល់ពីអ្វីដែលពួកគេតែងធ្វើតាមអនឡាញ។

នៅពេលដែលអ្នកបានដឹងពីកម្មវិធីដែលពួកគេបានប្រើ អ្នកត្រូវប្រាកដថាអ្នកបានកំណត់ឯកជនភាពចំពោះឧបករណ៍ និងកម្មវិធីដែលកូនរបស់អ្នកបានប្រើរួចរាល់ហើយ។ វាជាការល្អបំផុតនៅពេលដែលអ្នកអនុវត្តវិធាននេះ ជាមួយពួកគេ ហើយធ្វើការពន្យល់ពីសារៈសំខាន់នៃការងារនេះដល់ពួកគេ។

ប្រសិនបើអ្នកមិនទាន់យល់ដឹងពីកម្មវិធីទាំងនេះទេ សូមកុំបារម្ភ និងស្វែងរកជំនួយនានាពីអ្នកជំនាញ។ អ្នកអាចទាក់ទងអង្គការសកម្មភាពដើម្បីកុមារដើម្បីស្នើសុំជំនួយទាំងនេះបាន។

 • ត្រូវដឹងថាតើអ្នកណាដែលកូនរបស់អ្នកកំពុងប្រាស្រ័យទាក់ទងជាមួយតាមប្រព័ន្ធអនឡាញ ហើយធ្វើការពិភាក្សាពីហានិភ័យដែលអាចកើតមាន

សូមសួរកូនរបស់អ្នកថាតើពួកគេតែងចំណាយពេលភាគច្រើនទាក់ទងជាមួយនរណាតាមអនឡាញ។ តើអ្នកទាំងនោះជាមនុស្សដែលកុមារធ្លាប់ស្គាល់ឬទេ? តើពួកគេធ្លាប់មានទំនាក់ទំនងជាមួយមនុស្សដែលពួកគេទើបតែជួបតាមអនឡាញដែរឬទេ? តើកម្មវិធីតាមអនឡាញអ្វីខ្លះដែលពួកគេប្រើដើម្បីទំនាក់ទំនងជាមួយគ្នា?

ពិភាក្សាជាមួយកូនថាតើការជួបមនុស្សថ្មីៗតាមប្រព័ន្ធអនឡាញ និងការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិតាមរយៈបណ្តាញទំនាក់ទំនងសង្គមពិតជាមានភាពសប្បាយរីករាយក៏ពិតមែន ប៉ុន្តែត្រូវធ្វើដោយមានការគិតគូរពិចារណាបានហ្មត់ចត់។ សូមជួយកូនៗឱ្យយល់ដឹងថាមិនមែនមនុស្សគ្រប់គ្នាដែលប្រាស្រ័យទាក់ទងជាមួយពួកគេតាមអនឡាញមានចេតនាល្អទាំងអស់នោះទេ ហើយត្រូវពន្យល់ពួកគេពីគ្រោះថ្នាក់ដែលអាចកើតឡើងតាមរយៈការទទួលអំណោយពីមនុស្សចម្លែកតាមអនឡាញ ហានិភ័យនៃការជួបផ្ទាល់ជាមួយមនុស្សដែលពួកគេទើបតែស្គាល់តាមអនឡាញ គ្រោះថ្នាក់ដែលអាចកើតពីរការផ្ញើ និងទទួលយករូបភាព និងឯកសារពីមនុស្សចម្លែក  ក៏ដូចជាសារសំខាន់នៃការត្រិះរិះពិចារណាមុននឹងទទួលយកសំណើរបស់នរណាម្នាក់ជាមិត្តភក្តិតាមអនឡាញ។

ប្រសិនបើអ្នកចង់ដឹងកាន់តែច្បាស់អំពីសំណួរអ្វីខ្លះដែលគួរត្រូវសួរ ឬមធ្យោបាយអ្វីខ្លះដើម្បីធ្វើឲ្យមានទំនាក់ទំនងដោយបើកចំហជាមួយកូនរបស់អ្នកដោយល្អប្រសើរនោះ អ្នកអាចពិគ្រោះជាមួយបុគ្គលិករបស់យើង និងស្វែងរកដំបូន្មានល្អៗពីពួកគេ។

 • លើកទឹកចិត្តកូនរបស់អ្នកដើម្បីឲ្យពួកគេមានជម្រើសតាមប្រព័ន្ធអនឡាញប្រកបដោយសុខុមាលភាព និង ឆ្លាតវៃ

សូមនិយាយជាមួយកូនរបស់អ្នកអំពីផលវិបាកនៃសកម្មភាពតាមអនឡាញ ហើយប្រាប់ពួកគេថាអ្វីៗគ្រប់យ៉ាងដែលធ្វើតាមអនឡាញ ត្រូវគិតពិចារណាជាមុន ដូចជាអ្វីដែលយើងប្រព្រឹត្តនៅក្រៅប្រព័ន្ធអនឡាញដែរ។ ភាពឆ្លាតវៃនៅពេលអនឡាញ មានន័យថាការគិតគូរពីអ្វីដែលយើងតែងចែករំលែកជាមួយអ្នកដទៃដោយត្រូវប្រាកដថាវាមិនបានបង្ហាញពីព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដូចជាលេខទូរស័ព្ទ អាសយដ្ឋាន ឬពាក្យសម្ងាត់នៃគណនីរបស់អ្នក។ វាមានន័យថា អ្នកមិនបានចែករំលែកនូវរូបភាពបែបជិតស្និទ្ធ និងជាក់ច្បាស់ជាមួយអ្នកដទៃ បើទោះបីវាជាការជជែកបែបឯកជនក៏ដោយ។ លើសពីនេះមិនត្រូវបើកឯកសារដែលទទួលបានពីជនណាដែលមិនស្គាល់ ឬពីប្រភពណាដែលមិនមានការបញ្ជាក់ច្បាស់លាស់ ថែមទាំងមិនត្រូវទទួលយកសំណើសុំធ្វើជាមិត្តពីមនុស្សដែលយើងមិនស្គាល់ ឬយល់ព្រមជួបផ្ទាល់ជាមួយជនណាម្នាក់ឡើយ។

ប្រសិនបើមាននរណាម្នាក់ធ្វើសកម្មភាពមិនសមរម្យជាមួយពួកគេតាមអនឡាញ សូមប្រាប់ពួកគេថាពួកគេអាចបិទចោល ឬរាយការណ៍ពីជននោះតាមរយៈកម្មវិធីដែលពួកគេប្រើ ប៉ុន្តែពួកគេក៏គួរតែមកប្រាប់អ្នកជាឪពុកម្តាយផងដែរ ប្រសិនបើវាកើតឡើងហើយអ្នកនឹងជួយពួកគេ។

 • ត្រូវប្រុងប្រយ័ត្នចំពោះការផ្លាស់ប្តូរអាកប្បកិរិយារបស់កូនអ្នក ព្រោះវាអាចកើតឡើងដោយសារសកម្មភាពតាមអនឡាញរបស់ពួកគេ និងត្រូវផ្តល់ការគាំទ្រ

ប្រសិនបើអ្នកសម្គាល់ឃើញថាកូនរបស់អ្នកបង្ហាញការផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេ ឧទាហរណ៍ដូចជាពួកគេមានភាពឆេវឆាវ សោកសៅ ថប់បារម្ភ ឬមិនមានការពិចារណា ហើយប្រសិនបើពួកគេផ្លាស់ប្តូរទម្លាប់ញ៉ាំ ឬគេងក៏ដូចជាមានបញ្ហានៅសាលារៀន ទាំងនេះជាសញ្ញាដែលបង្ហាញថាពួកគេត្រូវការជំនួយ និងការគាំទ្រពីអ្នក។ សូមអង្កេតមើលថាតើអាកប្បកិរិយាទាំងនោះមានការប្រែប្រួលបែបនេះទេ បន្ទាប់ពីពួកគេចំណាយពេលលើប្រព័ន្ធអនឡាញហើយសូមលើកទឹកចិត្តឲ្យមានការសន្ទនាជាមួយពួកគេអំពីរឿងនេះ។

បើទោះបីជាអ្នកឃើញពួកគេចូលរួមសកម្មភាពតាមអនឡាញដែលអាចធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យក៏ដោយ សូមអ្នកប្រាកដថាអ្នកមិនស្តីបន្ទោសពួកគេទេ ហើយត្រូវបង្ហាញពួកគេថាអ្នកនៅទីនោះដើម្បីជួយពួកគេជានិច្ច។ នៅពេលដែលពួកគេមានអារម្មណ៍ជឿជាក់លើអ្នកហើយ ពួកគេនឹងនិយាយជាមួយអ្នកអំពីបញ្ហារបស់ពួកគេ។ សូមបង្កើតនូវការប្រាស្រ័យទាក់ទងប្រកបដោយសុវត្ថិភាព និងជួយឱ្យកូនៗអ្នកមានអារម្មណ៍ផាសុខភាពក្នុងការមករកអ្នកដើម្បីសួរសំណួរ និងធានាថាអ្នកជួយពួកគេដោយគ្មានការវិនិច្ឆ័យអ្វីឡើយ។ នេះគឺជាជំហានដំបូងក្នុងការធានាថាពួកគេនឹងមករកអ្នកឲ្យជួយប្រសិនបើមានអ្វីកើតឡើង។

ត្រូវចងចាំសញ្ញាទាំងអស់នោះ ហើយមានការប្រុងប្រយ័ត្នជានិច្ច!

 • ដឹងពីអ្វីដែលអ្នកត្រូវធ្វើក្នុងករណីមានការរំលោភបំពានកើតឡើង ហើយត្រូវដឹងពីកន្លែងដែលត្រូវរាយការណ៍

ប្រសិនបើកូនរបស់អ្នកចង់ចែករំលែកក្តីកង្វល់របស់ពួកគេ ឬបង្ហាញពីករណីនៃការរំលោភបំពានដល់អ្នក អ្នកគួរតែស្តាប់ដោយយកចិត្តទុកដាក់ គ្មានការវិនិច្ឆ័យ ហើយគិតពីអ្វីដែលគេនិយាយប្រាប់អ្នកថាជារឿងសំខាន់។ អ្នកត្រូវធានាថាពួកគេមិនបានធ្វើអ្វីខុសទេ។ ត្រូវបង្ហាញការអាណិតអាសូរ និងការគាំទ្រ។ មិនត្រូវកាត់ពួកគេ ឬសួរសំណួរនាំមុខទៅពួកគេ ហើយត្រូវធានាថាកុមារនិយាយអំពីរឿងរ៉ាវដែលកើតមានឡើង និងប្រាប់ពួកគេថាការមករកអ្នកគឺជារឿងដែលត្រឹមត្រូវបំផុត។ សូមជួយពួកគេឱ្យស្វែងរកការគាំទ្រដែលសមស្របទៅតាមតម្រូវការរបស់ពួកគេ ឬប្រសិនបើអ្នកចង់រាយការណ៍ អ្នកអាចទូរស័ព្ទទៅលេខទូរស័ព្ទពិសេសរបស់អង្គការសកម្មភាពដើម្បីកុមារ 092 311 511 ឬតាមបណ្តាញរាយការណ៍ពិសេសតាមប្រព័ន្ធអ៊ីនធឺណិត www.internethotlinecambodia.org។

សូមពន្យល់កូនរបស់អ្នកថាការរាយការណ៍នឹងជួយលុបនូវរូបភាពរំលោភបំពានទាំងនោះចេញពីគេហទំព័រ បញ្ឈប់បាននូវការរំលោភបំពានដែលកំពុងកើតឡើង និង/ឬជួយឲ្យកូនរបស់អ្នកទទួលបានជំនួយដ៏ល្អប្រសើរ។

ប្រសិនបើ អ្នកមានអារម្មណ៍ថាជម្ងឺរាតត្បាតកំពុងបង្កភាពតានតឹងទៅលើទំនាក់ទំនងជាមួយកូនអ្នក គន្លឹះទាំងនេះអាចជួយពង្រឹងទំនាក់ទំនងរបស់អ្នក និងលើកទឹកចិត្តឲ្យមានការអនុវត្តប្រកបដោយសុខុមាលភាព។

កត្តារួមចំណែកមួយទៀតសម្រាប់សុវត្ថិភាពតាមអនឡាញរបស់កុមារ គឺការបង្កើតបរិយាកាសដែលលើកទឹកចិត្តដល់ការអនុវត្តប្រកបដោយសុខុមាលភាព និងទំនាក់ទំនងបែបបើកចំហ។ ទំនាក់ទំនងវិជ្ជមានជាមួយកូនរបស់អ្នក នឹងបង្កើនឆន្ទៈក្នុងការចែករំលែកជាមួយអ្នកនូវសកម្មភាពតាមអនឡាញរបស់ពួកគេ ក៏ដូចជាការមករកអ្នកនៅពេលពួកគេមានទុក្ខកង្វល់។ វាក៏នឹងបង្កើនសមត្ថភាពរបស់អ្នកក្នុងការរកឃើញនូវបញ្ហា ប្រសិនបើមានអ្វីខុសប្រក្រតី និងប្រសិនបើពួកគេត្រូវការជំនួយ។

ពេលវេលាបានកើនឡើងសម្រាប់អ្នកជាឪពុកម្តាយក្នុងការនៅផ្ទះជាមួយកូនក្នុងកំឡុងពេលនេះ អាចបង្កើននូវការប្រឈម និងឧបសគ្គមួយចំនួនចំពោះការប្រាស្រ័យទាក់ទងដែលថ្មីសម្រាប់អ្នក ហើយវាអាចនឹងពិបាកក្នុងការ​ដោះស្រាយ។ ខាងក្រោមនេះជាការណែនាំមួយចំនួន ដើម្បីរក្សាទំនាក់ទំនងជាមួយកូនរបស់អ្នកឱ្យមានទំនាក់ទំនងល្អ និងមានសុខុមាលភាព ជាពិសេសក្នុងអំឡុងពេលនៃជម្ងឺរាតត្បាតនេះ។

 • កុមារត្រូវការការណែនាំ និងកាន់តែច្រើននៅក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩

នៅពេលសាលារៀនត្រូវបានបិទ ឬមិនមានការជួបជុំផ្ទាល់ជាមួយមិត្តភក្តិ ទម្លាប់ធម្មតារបស់កុមារត្រូវបានកាត់ផ្តាច់។ កង្វះខាតនៃការណែនាំ គឺពិបាកសម្រាប់កុមារ ហើយពួកគេប្រហែលជាមិនអាចគ្រប់គ្រងតុល្យភាពរវាងពេលវេលាដែលពួកគេគួរចំណាយតាមអនឡាញ និងក្រៅអនឡាញ ដែលធ្វើឱ្យពួកគេមានសកម្មភាពកម្សាន្តច្រើនតាមអនឡាញ។

វាពិតជាល្អណាស់ក្នុងការដាក់វិន័យជាមួយកូនរបស់អ្នកទាក់ទងនឹងទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ ដូចជាកាលវិភាគពេលណាដែលពួកគេត្រូវក្រោកពីគេង និងពេលណាត្រូវចូលគេង ពេលណាពួកគេត្រូវសិក្សា ហើយថាតើពួកគេត្រូវចំណាយពេលប៉ុន្មានក្នុងការប្រើប្រាស់អ៊ីនធឺណិត ក៏ដូចជាពេលវេលា និងទីកន្លែងណាដែលពួកគេគួរប្រើអ៊ីនធឺណិត។ ឧទាហរណ៍ការបង្កើតនូវវិន័យដែលតម្រូវឲ្យកូនអាចប្រើអ៊ីនធឺណិតបានមួយម៉ោង បន្ទាប់ពីពួកគេការបញ្ចប់កិច្ចការផ្ទះ តែមិនអនុញ្ញាតឲ្យអនឡាញនៅពេលយប់ជ្រៅ ឬអនឡាញនៅពេលនៅម្នាក់ឯងនៅក្នុងបន្ទប់នោះទេ។ ការផ្តល់ការណែនាំពីសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ ក៏ដូចជាណែនាំពីការប្រើប្រាស់អ៊ីនធឺណិត គឺអាចឲ្យអ្នកតាមដានពេលវេលាប្រើប្រាស់អ៊ីនធឺណិតរបស់ពួកគេ។

 • តាមរយៈការណែនាំរបស់អ្នក សូមព្យាយាមធ្វើឲ្យកុមារចេះវិធីក្នុងការគ្របគ្រងអារម្មណ៍របស់ពួកគេ

ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយសុខុមាលភាពទាំងនៅតាមប្រព័ន្ធអនឡាញ និងនៅក្រៅអនឡាញ កុមារត្រូវតែមានការគ្រប់គ្រងលើសកម្មភាពរបស់ពួកគេ។ ត្រូវអនុញ្ញាតឱ្យកុមារធ្វើការសម្រេចចិត្តលើអ្វីដែលពួកគេធ្វើ នៅពេលណាដែលស្ថានភាពតម្រូវ ហើយសាកសួរយោបល់របស់ពួកគេទាក់ទងនឹងអ្វីដែលពួកគេចង់ធ្វើ។ វាអាចជាការសម្រេចចិត្តសាមញ្ញឧទាហរណ៍ដូចជាការសម្រេចចិត្តពីអ្វីដែលពួកគេចង់ស្លៀកពាក់ ឬនរណាដែលពួកគេចង់លេងជាមួយ។ ទោះជាយ៉ាងណាក៏ដោយ ត្រូវបញ្ជាក់ឱ្យច្បាស់ថាសកម្មភាពមួយចំនួនប្រហែលជាមិនមានភាពបត់បែនបែបនេះទេ។ នៅពេលមួយដែលពួកគេបង្កើនភាពជាម្ចាស់ការលើជម្រើសជីវិតនោះ ពួកគេនឹងធ្វើការសម្រេចចិត្តតាមអនឡាញប្រកបដោយការគិតពិចារណាបានយ៉ាងល្អ។

 • លើកទឹកចិត្តឲ្យធ្វើនូវសកម្មភាពដែលអាចរក្សាទាំងចិត្ត និងរាងកាយឱ្យសកម្ម ខណៈពេលដែលចំណាយពេលវេលាប្រកបដោយគុណភាពជាមួយគ្នា

ការជម្រុញឲ្យកុមាររវល់ជាមួយសកម្មភាពផ្សេងៗ ជាជាងចំណាយពេលវេលារបស់ពួកគេច្រើនតាមអនឡាញ អាចជួយក្នុងការកំណត់ពេលវេលាដែលពួកគេបានចំណាយលើអនឡាញ ហើយក៏មានអត្ថប្រយោជន៍ផងដែរសម្រាប់សុខុមាលភាពទូទៅរបស់កុមារ។

អ្វីដែលត្រូវពិចារណា! សូមផ្តល់ឱ្យកូនៗរបស់អ្នកនូវកិច្ចការសាមញ្ញៗដូចជាការឲ្យពួកគេអាចជួយបំពេញកិច្ចការក្នុងគ្រួសារដើម្បីបង្កើតនូវទម្លាប់ទទួលខុសត្រូវ និងការចូលរួមក្នុងគ្រួសារ។ សិល្បៈ និងសិប្បកម្ម លេងល្បែង និងហាត់ប្រាណជាមួយគ្នាឲ្យបានទៀងទាត់ ដើម្បីឱ្យចិត្ត និងរាងកាយមានភាពសកម្ម និងបំបាត់ភាពតានតឹង។ ប្រសិនបើកុមារកាន់តែរវល់នឹងសកម្មភាពទាំងផ្នែករាងកាយ និងផ្លូវចិត្ត ពួកគេនឹងកាន់តែមានពេលវេលាតិចតួចនៅមុខកញ្ចក់កុំព្យូទ័រ និងជួបនូវមាតិកាអវិជ្ជមាន។ វានឹងលើកទឹកចិត្តឲ្យមានរបៀបរបបនៃការរស់នៅដែលមានសុខុមាលភាព ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងអ្នកនឹងពួកគេ។

 • ការដោះស្រាយជាមួយភាពតានតឹង និងអារម្មណ៍អវិជ្ជមាន

កុមារទាំងអស់អាចមានអាកប្បកិរិយាមិនល្អនៅពេលណាមួយ និងជាពិសេសក្នុងអំឡុងពេលមានភាពតានតឹង ដូចនេះនៅពេលមានការថប់អារម្មណ៍កើតឡើងក្នុងកំរិតខ្ពស់ អ្នកត្រូវចំណាយពេលវេលាច្រើននៅជាមួយកុមារនៅផ្ទះ ការប្រព្រឹត្តិខុសរបស់ពួកគេអាចបង្កើនអារម្មណ៍តានតឹង និងខឹងសម្បារចំពោះពួកគេ។ វាមានសារៈសំខាន់ណាស់ចំពោះឪពុកម្តាយក្នុងការទប់កំហឹងជាមួយកូន។ កុមាររៀនបានល្អប្រសើរតាមរយៈការណែនាំបែបវិជ្ជមានជាជាងការភ័យខ្លាចពីការប្រព្រឹត្តខុសរបស់ពួកគេ។

ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកពិបាកទប់កំហឹងជាមួយកូនរបស់អ្នក សូមព្យាយាមរាប់លេខឲ្យដល់១០មុនពេលមានប្រតិកម្មដាក់កូន ហើយគិតពីវិធីបន្ធូរអារម្មណ៍ដោយការពន្យល់ទៅកាន់ពួកគាត់ដោយអាកប្បកិរយាសមរម្យ។ ដើម្បីមានទំនាក់ទំនងល្អជាមួយកូនរបស់អ្នក និងជម្រុញឲ្យមានការបើកចំហ និងស្មោះត្រង់ជាមួយអ្នកពីសកម្មភាពដែលពួកគេធ្វើតាមអនឡាញ អ្នកគួរតែកុំប្រតិកម្មហួសហេតុចំពោះស្ថានភាព និងមិនគួរស្តីបន្ទោសពួកគេ នៅពលដែលពួកគេកំពុងធ្វើសកម្មភាពមិនសមរម្យនោះឡើយ។ ពួកគេត្រូវការការណែនាំជាជាងការគ្រប់គ្រង។ ពេលណាដែលពួកគេធ្វើសកម្មភាពដែលវិជ្ជមាន អ្នកត្រូវបន្តពង្រឹងបន្ថែម និងលើកទឹកចិត្តថាពួកគេពិតជាធ្វើវាបានល្អ។

យើងជឿជាក់ថា អ្នកយល់ដឹងពីកូនរបស់អ្នកយ៉ាងច្បាស់បំផុត ដូច្នេះកុំខ្លាចក្នុងការព្យា​យាម​​ចាត់វិធានការផ្សេងទៀត ដែលអាចឱ្យអ្នកដោះស្រាយជាមួយនឹងភាពតានតឹង និងរក្សាទំនាក់ទំនងវិជ្ជមានជាមួយកូនរបស់អ្នកប្រកបដោយប្រសិទ្ធិភាព។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកត្រូវការដំបូន្មានរបស់អ្នកជំនាញ សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកពួកយើងសម្រាប់ការស្វែងរកជំនួយនានា។

Share this article
Share on facebook
Share on twitter

Report it, Don’t ignore it If you see child sexual abuse images online.