Daily Archives: May 2, 2020

កំណើនយ៉ាងខ្ពស់នៃការប្រើប្រាស់វេទិកាតាមអនឡាញក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ និងការកើនឡើងហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ

ការរាតត្បាតនៃជំងឺកូវីដ១៩បានបង្ខំឱ្យកុមារនៅទូទាំងពិភពលោកផ្លាស់ប្តូរទម្លាប់ធម្មតានៃជីវិតរបស់ពួកគេ ទៅជាវិធីថ្មីនៃការប្រាស្រ័យទាក់ទង និងទំនាក់ទំនងសង្គម តាមរយៈការប្រើប្រាស់វេទិកា និងកម្មវិធីតាមអនឡាញកាន់តែច្រើន។ ស្របពេលដែលសាលារៀនត្រូវបានបិទទ្វារ ការរៀនសូត្រក៏ត្រូវបានផ្លាស់ប្តូរទៅជាការរៀនតាមអនឡាញ និងការរៀនតាមរយៈកម្មវិធីរៀនសូត្រពីចម្ងាយ។ ការជួបជាមួយមិត្តភក្តិ និងទំនាក់ទំនងសង្គមដែលធ្វើឡើងតាមរយៈបណ្តាញទំនាក់ទំនងសង្គមតាមអនឡាញ បានមកជំនួសនូវពេលវេលាដែលធ្លាប់ចំណាយជាមួយគ្នាដោយផ្ទាល់ក្រោមហេតុផលរក្សាគម្លាតសង្គម។ លើសពីនេះខណៈដែលកន្លែងកម្សាន្តជាច្រើនត្រូវបានបិទនៅទូទាំងប្រទេស កម្មវិធីតាមអនឡាញមួយចំនួនដែលផ្តល់ការចាប់អារម្មណ៍ និងការកម្សាន្តរីករាយ កំពុងតែទាញយកពេលវេលាភាគច្រើនរបស់កុមារ។ ខណៈពេលដែលអ៊ីនធឺណិតក្លាយជាធនធានដ៏ល្អបំផុតដែលអាចឱ្យកុមារបន្តការសិក្សា និងការអភិវឌ្ឍរបស់ពួកគេ ក្នុងកំឡុងពេលដ៏លំបាកដែលបណ្តាលមកពីការរាតត្បាតនេះ យើងឃើញថាការចំណាយពេលវេលាច្រើនលើសលប់លើអនឡាញ អាចបណ្តាលឱ្យកុមារប្រឈមនឹងហានិភ័យ ដូចជាហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញជាដើម។ ការប្រើប្រាស់វេទិកាតាមអនឡាញមួយចំនួនបង្កឲ្យមានហានិភ័យច្រើនចំពោះកុមារជាងអ្នកដទៃទៀត ហើយការកើនឡើងនៃការប្រើប្រាស់កម្មវិធីទាំងនេះ ទាមទារឱ្យមានការពិចារណាហ្មត់ចត់អំពីហានិភ័យដែលអាចកើតមាន និងអ្វីដែលយើងអាចធ្វើទៅបាន ដើម្បីធានានូវបទពិសោធន៍នៃការប្រើប្រាស់អ៊ីនធឺណិតរបស់កុមារមានសុវត្ថិភាព។ អត្ថបទនេះអាចឲ្យអ្នកស្វែងយល់ពីវេទិកាតាមអនឡាញសំខាន់ៗចំនួន៣ដែលកំពុងពេញនិយមក្នុងចំណោមកុមារនៅប្រទេសកម្ពុជា។ Tik Tok កម្មវិធីដែលមានចំនួនអ្នកប្រើប្រាស់កើនឡើងច្រើនជាងគេបំផុត ក្នុងចំណោមកម្មវិធីដែលកំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជាគឺTikTokដែលគិតត្រឹមខែមេសាឆ្នាំ ២០២០ កម្មវិធីនេះជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមកម្មវិធីដែលមានអ្នកទាញយកមកប្រើប្រាស់ច្រើនជាងគេបំផុតពី Google Play Store (https://www.similarweb.com/apps/top/google/store-rank/kh/all/top-free)។ តើកម្មវិធីនេះជាអ្វី? TikTokគឺជាប្រភេទកម្មវិធីបង្កើតវីដេអូដែលអាចឱ្យអ្នកប្រើប្រាស់អាចដាក់បញ្ចូល និងចែករំលែកវីដេអូខ្លីៗលើប្រព័ន្ធអ៊ីនធឺណិតដោយខ្លួនឯង ភាគច្រើនជាវីដេអូដែលអ្នកប្រើប្រាស់ធ្វើមាត់តាមបទចំរៀងដែលពេញនិយម និងរាំតាមចង្វាក់ភ្លេង ស្របពេលដែលពួកគេអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ដទៃទៀត។ ប្រភេទកម្មវិធីនេះអាចឱ្យអ្នកប្រើប្រាស់ដាក់បញ្ចូលវីដេអូតាមអ៊ីនធឺណិត និងផ្តល់យោបល់លើវីដេអូ តាមដានអ្នកប្រើប្រាស់ដទៃទៀត ផ្ញើសារឯកជនទៅអ្នកដទៃ ហើយវាក៏មានមុខងារពិសេសដែលអ្នកប្រើប្រាស់អាច “សម្តែង ច្រៀង រាំដោយមនុស្ស២នាក់ក្នុងពេលតែមួយ” ជាមួយអ្នកប្រើម្នាក់ទៀត ហើយពួកគេក៏អាចបញ្ចូលវីដេអូដែលពួកគេបង្កើតជាមួយវីដេអូអ្នកផ្សេងទៀតផងដែរ។ តើអ្វីជាហានិភ័យដែលអាចបង្កឡើងដោយកម្មវិធីនេះ? […]

វិធានណែនាំសម្រាប់ឪពុកម្តាយ៖ កំណើនហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ និងអ្វីដែលឪពុកម្តាយអាចធ្វើបានដើម្បីបង្ការទប់ស្កាត់

សេចក្តីសង្ខេប ប្រសិនបើលោកអ្នកជាឪពុកម្តាយ ឬអាណាព្យាបាលរបស់កុមារដែលចំណាយពេលវេលាច្រើនតាមអនឡាញ        ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ វិធានណែនាំខាងក្រោមនេះនឹងអាចជួយអ្នកបាន៖ យល់ដឹងអំពីអ្វីជាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ នរណាជាជនល្មើស ហើយពួកគេអាចស្វែងរកកុមារតាមអនឡាញដោយរបៀបណា ដឹងពីកន្លែងដែលនាំឲ្យកុមារអាចជួបនឹងហានិភ័យតាមប្រព័ន្ធអនឡាញ ស្វែងយល់ពីវិធានការការពារផ្សេងៗដើម្បីអោយកុមារទទួលបានបទពិសោធន៍តាមប្រព័ន្ធអនឡាញប្រកបដោយសុវត្ថិភាព ទទួលបានគន្លឹះដែលមានប្រយោជន៍ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា ក្នុងការប្រាស្រ័យទាក់ទងជាមួយកូនរបស់អ្នកក្នុងកំឡុងពេលជំងឺកូវីដ១៩ ការរស់នៅ និងទម្លាប់ជាទៀងទាត់របស់កុមារប្រមាណ៦លាននាក់ដែលរស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ហើយបានបង្ខំឱ្យពួកគេផ្លាស់ប្តូរទៅរកជម្រើសតាមបែបអនឡាញ ទាំងការសិក្សានិងទំនាក់ទំនងសង្គម។ ខណៈពេលដែលជម្រើសតាមអនឡាញផ្តល់នូវសុវត្ថិភាពដើម្បីឲ្យពួកគេជៀសផុតពីការឆ្លងមេរោគនោះ ក៏ដូចជាផ្តល់នូវអត្ថប្រយោជន៍ដល់សុខុមាលភាព និងការអភិវឌ្ឍរបស់កុមារ តែវាក៏មានការកើនឡើងនូវហានិភ័យនៃការប្រើប្រាស់អ៊ីនធឺណិតដ៏លើសលប់ចំពោះកុមារ ហើយហានិភ័យដែលគួរឲ្យព្រួយបារម្ភក្នុងចំណោមហានិភ័យជាច្រើនដទៃទៀត គឺការកើនឡើងនូវការប្រឈមនឹងហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ។ ជនល្មើសផ្លូវភេទលើកុមារតាមអនឡាញ កំពុងឆ្លៀតឱកាសទាញយកប្រយោជន៍ពីស្ថានភាពដែលកុមារចំណាយពេលច្រើនតាមអនឡាញ ដើម្បីស្វែងរកពួកគេក្នុងគោលបំណងកេងប្រវ័ញ្ចផ្លូវភេទ។ កង្វះការយល់ដឹងអំពីកត្តាដែលនាំឲ្យមានការប្រឈមនឹងហានិភ័យទាំងកុមារ និងឪពុកម្តាយ បានធ្វើឱ្យជនល្មើសអាចកេងប្រវ័ញ្ចពីភាពងាយរងគ្រោះរបស់កុមារតាមអនឡាញ និងលួងលោមកុមារឱ្យមានទំនាក់ទំនងដែលនាំទៅរកការរំលោភបំពាន។ ក្នុងនាមជាឪពុកម្តាយ ឬអាណាព្យាបាល អ្នកមានលទ្ធភាពក្នុងការជួយការពារពួកគេពីហានិភ័យទាំងនោះបាន ហើយអ្នកក៏អាចកាត់បន្ថយការប្រឈមរបស់ពួកគេទៅនឹងហានិភ័យតាមប្រព័ន្ធអនឡាញផងដែរ។ វិធានណែនាំនេះនឹងផ្តល់ជូនលោកអ្នកនូវព័ត៌មានសំខាន់ៗស្តីពីហានិភ័យតាមប្រព័ន្ធអនឡាញ  និងឧបករណ៍ដើម្បីជួយអ្នកក្នុងការតាមដានពីសកម្មភាពអនឡាញរបស់កុមារ អាចអប់រំពួកគេដើម្បីឆ្ពោះទៅរកជម្រើសដ៏ឆ្លាតវៃ ក៏ដូចជាលើកទឹកចិត្តឱ្យមានការសន្ទនាដោយបើកចំហ និងប្រកបដោយសុខុមាលភាពជាមួយពួកគេក្នុងកំឡុងពេលនៃជំងឺរាតត្បាតនេះ ដើម្បីការពារពួកគេឲ្យមានសុវត្ថិភាពពីគ្រោះថ្នាក់តាមប្រព័ន្ធអនឡាញ។ តោះចាប់ផ្តើមជាមួយនឹងការយល់ដឹងពីហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ក្នុងនាមជាឪពុកម្តាយ វាពិតជាគួរឱ្យខ្លាចក្នុងការគិតអំពីការប្រឈមរបស់កូនទៅនឹងគ្រោះថ្នាក់។ ពួកយើងប្រហែលជាគិតថា ប្រសិនបើកូនៗរបស់យើងស្នាក់នៅផ្ទះ នោះពួកគេនឹងត្រូវបានការពារ និងរួចផុតពីគ្រោះថ្នាក់ផ្សេងៗ។​       ខណៈពេលដែលពួកគេកំពុងអង្គុយនៅក្នុងបន្ទប់យ៉ាងមានផាសុខភាព យើងអាចមើលរំលងពីហានិភ័យដែលអាចកើតឡើងតាមរយៈការចូលប្រើប្រាស់កុំព្យូទ័រ ទូរស័ព្ទវៃឆ្លាត ឬឧបករណ៍ថេប្លេតរបស់ពួកគេ។ ទោះជាយ៉ាងនេះក៏ដោយ កុមារអាចជួបប្រទះនូវហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ ដែលមានលក្ខណៈដូចទៅនឹងការកេងប្រវ័ញ្ចផ្លូវភេទផ្ទាល់ដែរ។ តើអ្នកដឹងទេថាអ្វីជាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ? […]