កំណើនយ៉ាងខ្ពស់នៃការប្រើប្រាស់វេទិកាតាមអនឡាញក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ និងការកើនឡើងហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ

ការរាតត្បាតនៃជំងឺកូវីដ១៩បានបង្ខំឱ្យកុមារនៅទូទាំងពិភពលោកផ្លាស់ប្តូរទម្លាប់ធម្មតានៃជីវិតរបស់ពួកគេ ទៅជាវិធីថ្មីនៃការប្រាស្រ័យទាក់ទង និងទំនាក់ទំនងសង្គម តាមរយៈការប្រើប្រាស់វេទិកា និងកម្មវិធីតាមអនឡាញកាន់តែច្រើន។

ស្របពេលដែលសាលារៀនត្រូវបានបិទទ្វារ ការរៀនសូត្រក៏ត្រូវបានផ្លាស់ប្តូរទៅជាការរៀនតាមអនឡាញ និងការរៀនតាមរយៈកម្មវិធីរៀនសូត្រពីចម្ងាយ។ ការជួបជាមួយមិត្តភក្តិ និងទំនាក់ទំនងសង្គមដែលធ្វើឡើងតាមរយៈបណ្តាញទំនាក់ទំនងសង្គមតាមអនឡាញ បានមកជំនួសនូវពេលវេលាដែលធ្លាប់ចំណាយជាមួយគ្នាដោយផ្ទាល់ក្រោមហេតុផលរក្សាគម្លាតសង្គម។ លើសពីនេះខណៈដែលកន្លែងកម្សាន្តជាច្រើនត្រូវបានបិទនៅទូទាំងប្រទេស កម្មវិធីតាមអនឡាញមួយចំនួនដែលផ្តល់ការចាប់អារម្មណ៍ និងការកម្សាន្តរីករាយ កំពុងតែទាញយកពេលវេលាភាគច្រើនរបស់កុមារ។

ខណៈពេលដែលអ៊ីនធឺណិតក្លាយជាធនធានដ៏ល្អបំផុតដែលអាចឱ្យកុមារបន្តការសិក្សា និងការអភិវឌ្ឍរបស់ពួកគេ ក្នុងកំឡុងពេលដ៏លំបាកដែលបណ្តាលមកពីការរាតត្បាតនេះ យើងឃើញថាការចំណាយពេលវេលាច្រើនលើសលប់លើអនឡាញ អាចបណ្តាលឱ្យកុមារប្រឈមនឹងហានិភ័យ ដូចជាហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញជាដើម។

ការប្រើប្រាស់វេទិកាតាមអនឡាញមួយចំនួនបង្កឲ្យមានហានិភ័យច្រើនចំពោះកុមារជាងអ្នកដទៃទៀត ហើយការកើនឡើងនៃការប្រើប្រាស់កម្មវិធីទាំងនេះ ទាមទារឱ្យមានការពិចារណាហ្មត់ចត់អំពីហានិភ័យដែលអាចកើតមាន និងអ្វីដែលយើងអាចធ្វើទៅបាន ដើម្បីធានានូវបទពិសោធន៍នៃការប្រើប្រាស់អ៊ីនធឺណិតរបស់កុមារមានសុវត្ថិភាព។ អត្ថបទនេះអាចឲ្យអ្នកស្វែងយល់ពីវេទិកាតាមអនឡាញសំខាន់ៗចំនួន៣ដែលកំពុងពេញនិយមក្នុងចំណោមកុមារនៅប្រទេសកម្ពុជា។

Tik Tok

កម្មវិធីដែលមានចំនួនអ្នកប្រើប្រាស់កើនឡើងច្រើនជាងគេបំផុត ក្នុងចំណោមកម្មវិធីដែលកំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជាគឺTikTokដែលគិតត្រឹមខែមេសាឆ្នាំ ២០២០ កម្មវិធីនេះជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមកម្មវិធីដែលមានអ្នកទាញយកមកប្រើប្រាស់ច្រើនជាងគេបំផុតពី Google Play Store (https://www.similarweb.com/apps/top/google/store-rank/kh/all/top-free)។

តើកម្មវិធីនេះជាអ្វី?

TikTokគឺជាប្រភេទកម្មវិធីបង្កើតវីដេអូដែលអាចឱ្យអ្នកប្រើប្រាស់អាចដាក់បញ្ចូល និងចែករំលែកវីដេអូខ្លីៗលើប្រព័ន្ធអ៊ីនធឺណិតដោយខ្លួនឯង ភាគច្រើនជាវីដេអូដែលអ្នកប្រើប្រាស់ធ្វើមាត់តាមបទចំរៀងដែលពេញនិយម និងរាំតាមចង្វាក់ភ្លេង ស្របពេលដែលពួកគេអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ដទៃទៀត។

ប្រភេទកម្មវិធីនេះអាចឱ្យអ្នកប្រើប្រាស់ដាក់បញ្ចូលវីដេអូតាមអ៊ីនធឺណិត និងផ្តល់យោបល់លើវីដេអូ តាមដានអ្នកប្រើប្រាស់ដទៃទៀត ផ្ញើសារឯកជនទៅអ្នកដទៃ ហើយវាក៏មានមុខងារពិសេសដែលអ្នកប្រើប្រាស់អាច “សម្តែង ច្រៀង រាំដោយមនុស្ស២នាក់ក្នុងពេលតែមួយ” ជាមួយអ្នកប្រើម្នាក់ទៀត ហើយពួកគេក៏អាចបញ្ចូលវីដេអូដែលពួកគេបង្កើតជាមួយវីដេអូអ្នកផ្សេងទៀតផងដែរ។

តើអ្វីជាហានិភ័យដែលអាចបង្កឡើងដោយកម្មវិធីនេះ?

យោងតាមគោលនយោបាយរបស់កម្មវិធីTikTok អ្នកប្រើប្រាស់ត្រូវមានអាយុលើសពី១៣ឆ្នាំ ទើបមានសិទ្ធិអាចទាញយក និងប្រើប្រាស់កម្មវិធីនេះបាន ហើយកុមារទាំងឡាយណាដែលអាយុក្រោម១៨ឆ្នាំត្រូវតែមានការយល់ព្រមពីឪពុកម្តាយ មុននឹងប្រើប្រាស់កម្មវិធីនេះ។ ទោះជាយ៉ាងនេះក៏ដោយ អ្នកប្រើប្រាស់ជាកុមារអាចបញ្ចូលនូវថ្ងៃខែឆ្នាំកំណើតដែលមិនពិត នៅពេលពួកគេចុះឈ្មោះប្រើប្រាស់។

នៅលើកម្មវិធីនេះ កុមារអាចឃើញមាតិកាដែលមិនសមស្របនឹងអាយុរបស់ពួកគេ ក្នុងនោះរួមមានការប្រើប្រាស់ភាសាដែលមានលក្ខណៈរំលោភបំពាន និងបែបផ្លូវភេទ ប្រភេទវីដេអូដែលមានលក្ខណៈផ្លូវភេទ និងការយាយីតាមប្រព័ន្ធអ៊ីនធឺណិតដោយអ្នកប្រើប្រាស់ដទៃទៀត។

ដើម្បីទទួលបាននូវប្រជាប្រិយភាព និងបង្កើនចំនួនអ្នក “Likes” និង“Followers”  កុមារតែងដាក់បញ្ចូលនូវវីដេអូរបស់ពួកគេ ដែលពួកគេអាចច្រៀងត្រាប់តាមចម្រៀងដែលមានលក្ខណៈបែបផ្លូវភេទ រាំក្នុងកាយវិការដែលបង្ហាញពីលក្ខណៈផ្លូវភេទ និង/ឬក្នុងសម្លៀកបំពាក់ខើចខ្លីជាដើម ដោយពួកគេមិនបានយល់ថាពួកគេកំពុងតែដាក់បញ្ចូលនូវមាតិកាដែលអាចបង្កអន្តរាយ ឬគ្រោះថ្នាក់ដល់ពួកគេឡើយ។

ជនល្មើសផ្លូវភេទកុមារឆ្លៀតឱកាសទាញយកប្រយោជន៍ពីកម្មវិធីនេះ ដើម្បីស្វែងរក និងតាមដានកុមារដែលពួកគេមានចំណាប់អារម្មណ៍ក្នុងគោលបំណងកេងប្រវ័ញ្ច។ គេស្គាល់ជនល្មើសទាំងនោះដោយសារការលួងលោមកុមារតាមរយៈកម្មវិធីនេះ ហើយអាចផ្ញើសារបែប​ឯកជនទៅកុមារ ឬអាចស្នើសុំនូវមាតិកាបែបផ្លូវភេទផ្សេងទៀតជាដើម។

ការរក្សាគណនីរបស់អ្នកឲ្យមានសុវត្ថិភាព

នៅពេលបើកគណនីTikTok ជាទូទៅការកំណត់ឯកជនភាពត្រូវបានកំណត់ជាលក្ខណៈសាធារណៈ ហើយអាចឲ្យអ្នកដទៃមើលឃើញ អាចផ្តល់យោបល់ អាចផ្ញើសារបែបឯកជន និងអាចតាមដានគណនីរបស់អ្នកប្រើប្រាស់បាន។ ទោះជាយ៉ាងនេះក៏ដោយ អ្នកក៏អាចផ្លាស់ប្តូរវាបានភ្លាមៗ បន្ទាប់ពីបើកគណនីរបស់អ្នក ហើយធ្វើការកំណត់ឯកជនភាពជាថ្មី។ តាមរយៈការកំណត់ឯកជនភាព អ្នកអាចគ្រប់គ្រងថានរណាដែលអាចមើលឃើញពីការបង្ហោះរបស់អ្នក ​នរណាដែលអាចផ្តល់មតិយោបល់ នរណាដែលអាចផ្ញើសារជាលក្ខណៈឯកជនមកអ្នក ក៏ដូចជាកំណត់បានថានរណាដែលអាច “សម្តែង ច្រៀង រាំជាគូរនឹងអ្នកបាន”។

វាមានសារៈសំខាន់ណាស់ដែលត្រូវដឹងថារូបថតម្ចាស់គណនី ឈ្មោះ និងជីវប្រវត្តិរបស់អ្នកប្រើប្រាស់នឹងតែងតែត្រូវបានបង្ហាញជាសាធារណៈ បើទោះបីជាគណនីនោះត្រូវបានកំណត់ជាឯកជនរួចក៏ដោយ ដូច្នេះការជៀសវាងនូវការបង្ហាញព័ត៌មានផ្ទាល់ខ្លួន ឬរសើប គឺជារឿងដែលគួរធ្វើ។

ចំណុចសំខាន់មួយទៀតគឺ ការកំណត់នូវពេលវេលាប្រើប្រាស់របស់កុមារលើកម្មវិធីនេះ។ អ្នកអាចធ្វើបានតាមរយៈការចូលទៅកាន់ពាក្យ settings នៅក្រោមពាក្យ  “digital wellbeing”  រួចចុចលើពាក្យថា “screen time management” និងបន្តចុចលើពាក្យ “restricted mode”។

អ្នកប្រើប្រាស់កម្មវិធីTikTokណាដែលកំពុងធ្វើសកម្មភាពដែលមានលក្ខណៈរំលោភបំពាន អាចត្រូវបានបិទចោល និងរាយការណ៍បានតាមរយៈការចូលទៅកាន់គណនីរបស់អ្នកប្រើប្រាស់នោះ រួចចុចលើសញ្ញាចុចបី  ដែលស្ថិតនៅផ្នែកខាងលើ ហើយធ្វើការជ្រើសរើសនូវអ្វីដែលអ្នកចង់រាយការណ៍។ មាតិកាជាក់លាក់ខ្លះក៏អាចត្រូវបានបានបិទចោល និងរាយការណ៍បានដែរ តាមរយៈការចុចលើពាក្យថា Share នៅលើវីដេអូ បន្ទាប់មកធ្វើតាមការណែនាំដើម្បីអាចរាយការណ៍មាតិកានោះបាន។

Mobile Legends Bang Bang

ជារៀងរាល់ពីរបីខែម្តង កម្មវិធីហ្គេមអនឡាញថ្មីនឹងកើនឡើងនូវប្រជាប្រិយភាព ដោយសារតែលក្ខណៈពិសេសខុសប្លែកគ្នា និងតាមរយៈបទពិសោធន៍របស់អ្នកប្រើប្រាស់។ Mobile Legends Bang Bang (MLBB) បច្ចុប្បន្នត្រូវបានជាប់ចំណាត់ថ្នាក់ជាហ្គេមអនឡាញដ៏ពេញនិយមបំផុតមួយក្នុងចំណោមអ្នកប្រើប្រាស់នៅកម្ពុជា ដោយទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមកម្មវិធីដែលមានអ្នកទាញយកមកប្រើប្រាស់ច្រើនជាងគេបំផុតពី Google Play Store គិតត្រឹមខែមេសាឆ្នាំ ២០២០ (https://www.similarweb.com/apps/top/google/store-rank/kh/all/top-free)។

តើកម្មវិធីនេះជាអ្វី?

MLBB គឺជាប្រភេទហ្គេមបែបប្រកួតប្រជែងគ្នាដែលចងក្រងគ្នាជាក្រុមជាមួយអ្នកលេងផ្សេងទៀត ហើយប្រយុទ្ធជាមួយក្រុមដទៃទៀតតាមអនឡាញផងដែរ។ ហ្គេមប្រភេទនេះត្រូវបានបង្កើតឡើងសម្រាប់លេងនៅលើទូរស័ព្ទដៃ ហើយក៏អាចទាញយកហ្គេមនេះដោយឥតគិតថ្លៃតាមរយៈទូរស័ព្ទដៃវៃឆ្លាតរបស់ពួកគេ។

តើអ្វីជាហានិភ័យដេលអាចបង្កឡើងតាមរយៈកម្មវិធីនេះ?

បើទោះបីជាវាមានអត្ថប្រយោជន៍មួយចំនួនចំពោះកុមារនៅពេលពួកគេលេងហ្គេមអនឡាញប្រភេទMLBB នេះ ដែលក្នុងនោះមានដូចជាការបង្កើននូវការគិតបែបយុទ្ធសាស្ត្រ និងបង្កើនសមត្ថភាពការងារជាក្រុមក៏ដោយ ក៏វាអាចបង្កហានិភ័យជាច្រើនដែលអាចកើតឡើងផងដែរ។ ក្រៅពីការញៀនខ្លាំងក្នុងការលេង ហ្គេមMLBBក៏បង្កប់នូវចរិតហឹង្សាជាខ្លាំងដែលមិនមានភាពល្អប្រសើរដល់ការអភិវឌ្ឍរបស់កុមារ។

ទោះបីជាហ្គេមអនឡាញMLBBអាចទាញយកមកប្រើប្រាស់បានដោយឥតគិតថ្លៃក៏ដោយ​ វាក៏អាចឲ្យអ្នកប្រើប្រាស់ទិញបាននូវលក្ខណៈពិសេសមួយចំនួនរ​បស់ហ្គេមនេះ ជាហេតុអាចបណ្តាលឲ្យកុមារយល់ព្រមទទួលសំណើពីជនចម្លែកណាម្នាក់ក្នុងការទូទាត់ការទិញទាំងនោះ ហើយវាជាកត្តាដែលនាំទៅដល់ការកើនឡើងនៃភាពងាយរងគ្រោះរបស់កុមារពីការកេងប្រវ័ញ្ចនានា។

ហ្គេមប្រភេទនេះអាចលេងជាមួយមនុស្សចម្លែកដែលបានជួបគ្នាតាមអនឡាញ ហើយក៏អាចផ្ញើសារជាមួយអ្នកលេងផ្សេងទៀតបានដែរ។ មុខងារថ្មីមួយរបស់ហ្គេមនេះដែលត្រូវបានណែនាំក្នុងពេលថ្មីៗ គឺការជជែកជាសំលេងដែលអាចឱ្យអ្នកលេងហ្គេមនេះអាចទាក់ទងគ្នាតាមរយៈមីក្រូហ្វូន និងកាសស្តាប់សំលេងរបស់ពួកគេបាន។ ការប្រាស្រ័យទាក់ទងបែបនេះអាចបង្កឲ្យមានភាពអវិជ្ចមាន នៅពេលដែលអ្នកលេងណាម្នាក់ជេរប្រមាថ រំខាន និងប្រើពាក្យពេចន៍មិនល្អដាក់គ្នាទៅវិញទៅមក ឬជាសំណើផ្លូវភេទដែលមានភាពមិនសមរម្យណាមួយ។

លើសពីនេះទៅទៀត មនុស្សមួយចំនួនដែលប្រាស្រ័យទាក់ទងជាមួយកុមារតាមរយៈហ្គេមអនឡាញនេះ អាចមានចេតនាមិនល្អចំពោះពួកគេ។ ជនល្មើសផ្លូវភេទលើកុមារច្រើនតែប្រើកហ្គេមអនឡាញ ដើម្បីជាជំហ៊ានដំបូងក្នុងការទាក់ទងជាមួយកុមារ ព្រោះវាមានភាពងាយស្រួលក្នុងការចាប់ផ្តើមទំនាក់ទំនង និងទទួលបានការទុកចិត្តពីកុមារតាមរយៈការលេងហ្គេមកំសាន្ត។ ជាងនេះទៅទៀត វាក៏មានភាពងាយស្រួលក្នុងការស្នើសុំធ្វើជាមិត្តភក្តិជាមួយកុមារនៅលើបណ្តាញទំនាក់ទំនងសង្គមផ្សេងទៀត ដើម្បីចូលទៅជិតកុមារ និងប្រាស្រ័យទាក់ទងជាមួយកុមារក្នុងលក្ខណៈឯកជនតាមកម្មវិធីផ្សេងទៀត ហើយវិធីទាំងនេះហើយដែលពួកគេអាចកេងប្រវ័ញ្ចកុមារតាមប្រព័ន្ធអនឡាញ ឬស្នើសុំជួបផ្ទាល់ជាមួយកុមារក្នុងគោលបំណងផ្លូវភេទ។

ហ្គេមនេះក៏អាចឲ្យអ្នកលេងប្រាប់ពីទីតាំងរបស់គេនៅក្នុងមុខងារមួយដែលមានឈ្មោះថា “street ranking” ដើម្បីឲ្យអ្នកលេងទាំងនោះអាចប្រៀបធៀបសមិទ្ធិផលរបស់គេជាមួយអ្នកលេងហ្គេមផ្សេងទៀតដែលមានទីតាំងក្បែរ។ នេះជាហេតុផលដែលអាចបណ្តាលឱ្យកុមារមានគ្រោះថ្នាក់ ព្រោះជនល្មើសអាចដឹងពីទីតាំងដែលកុមាររស់នៅហើយកំណត់គោលដៅក្នុងការលួងលោម។

ការរក្សាគណនីរបស់អ្នកឲ្យមានសុវត្ថិភាព

ឈ្មោះអ្នកប្រើប្រាស់ និងប្រវត្តិរបស់អ្នកប្រើប្រាស់តែងត្រូវបានបង្ហាញជាសាធារណៈ ដូចនេះអ្នកប្រើប្រាស់មិនគួរបញ្ចូលនូវព័ត៌មានដែលអាចកំណត់បានពីអត្តសញ្ញាណពួកគេនោះឡើយ ពត៌មានទាំងនោះអាចជាព័ត៌មានផ្ទាល់ខ្លួនដែលអាចនាំឱ្យអ្នកដទៃទៀតអាចស្វែងរកអ្នកឃើញនៅលើបណ្តាញទំនាក់ទំនងសង្គមផ្សេងទៀត ឬស្គាល់អំពី អ្នក។ សូមប្រាកដថាអ្នកបានកំណត់នូវការមិនបង្ហាញពីទីតាំងរបស់អ្នក នៅពេលប្រើប្រាស់ហ្គេមប្រភេទនេះ។

ការជជែកជាមួយជនចម្លែកនៅក្នុងកម្មវិធីហ្គេមអនឡាញ អាចត្រូវបានទប់ស្កាត់តាមរយៈការកំណត់ ដូច្នេះមានតែសារដែលបានកំណត់ទុកជាមុនប៉ុណ្ណោះដែលអាចប្រើប្រាស់បានដើម្បីទាក់ទងជាមួយអ្នកលេងហ្គេមដទៃទៀត និង​ទប់ស្កាត់ការលេចឡើងនូវភាសាមិនល្អ និងទំនាក់ទំនងដែលមានគ្រោះថ្នាក់។

អ្នកលេងក៏អាចប្រើប្រាស់មុខងារ “muted”  ដើម្បីរារាំងនូវរាល់ការផ្ញើសារជាសំឡេង/អត្ថបទដែលគេមិនចង់បាន។ វិធីនេះអាចរារាំងអ្នកពីការទទួលសារដោយអ្នកលេងដទៃទៀតបាន ប៉ុន្តែពួកគេនៅតែអាចអានសារជជែកកំសាន្តរបស់អ្នកបាន។

អ្នកអាចរាយការណ៍ពីអ្នកលេងហ្គេមណាម្នាក់ដោយចុចប៊ូតុងរាយការណ៍នៅផ្នែកខាងលើនៃអេក្រង់ ហើយចុចប៊ូតុងសញ្ញាឧទាន”!“ ដែលនៅជាប់នឹងអ្នកលេងណាដែលអ្នកចង់រាយការណ៍។ ការជជែកជាសាធារណៈ និងការផ្ញើសារបែបរំលោភបំពាន​មួយចំនួន ក៏អាចត្រូវបានរាយការណ៍ផងដែរ ដោយគ្រាន់តែចុចលើប្រភេទមាតិកាទាំងនោះ ហើយចុចលើប៊ូតុងរាយការណ៍ជាការស្រេច។

Facebook

ទោះបីជាFacebook កំពុងបាត់បង់ប្រជាប្រិយភាពរបស់ខ្លួនបន្តិចម្តងៗក្នុងចំណោមអ្នកប្រើប្រាស់ទូទាំងពិភពលោកក៏ដោយ វានៅតែជាកម្មវិធីបណ្តាញទំនាក់ទំនងសង្គមមួយ ដែលត្រូវបានគេប្រើប្រាស់ច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ហើយគិតត្រឹមខែមេសាឆ្នាំ ២០២០ បានជាប់ចំណាត់ថ្នាក់លេខ៦នៅក្នុងប្រទេសដែលទទួលបានការទាញយកច្រើនជាងគេពី Google Play Store (https://www.similarweb.com/apps/top/google/store-rank/kh/all/top-free)។

តើវាជាអ្វី?

Facebook គឺជាគេហទំព័របណ្តាញទំនាក់ទំនងសង្គមដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ភ្ជាប់ទំនាក់ទំនងជាមួយមនុស្សផ្សេងទៀតតាមអ៊ីនធឺណិត ហើយចែករំលែក និងបង្កើតមាតិកា។ អ្នកប្រើប្រាស់ម្នាក់ៗមានគណនីផ្ទាល់ខ្លួនរបស់ពួកគេ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បញ្ចូលព័ត៌មានដោយខ្លួនឯងដែលពួកគេចង់បង្ហាញ។ ព័ត៌មានអាចរួមបញ្ចូលព័ត៌មានទំនាក់ទំនង ការងារ និងការអប់រំ ទីកន្លែងដែលអ្នកបានចូលទស្សនា ព្រឹត្តិការណ៍ជីវិតសំខាន់ៗ តន្ត្រីដែលអ្នកចូលចិត្ត ចំណាប់អារម្មណ៍ចម្បង និងច្រើនទៀត។

 ជាមួយនឹងគណនី Facebook អ្នកអាចដាក់ស្នើរកមិត្តភក្តិ និងប្រាស្រ័យទាក់ទងជាមួយពួកគេ ផ្ញើសារ និងបញ្ចេញយោបល់លើការបង្ហោះ តាមដានទំព័រដែលចាប់អារម្មណ៍ និងបញ្ចូលមាតិកាដូចជារឿងរ៉ាវ រូបថត និងវីដេអូ។ វីដេអូផ្សាយផ្ទាល់ក៏អាចត្រូវបានចែករំលែកតាមរយៈលក្ខណៈពិសេសមួយដែលមានឈ្មោះថា “Facebook Live” និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្សាយវីដេអូ ផ្ទាល់ទៅកាន់អ្នកមើលផងដែរ។ អ្នកក៏អាចចូលរួម និងបង្កើតក្រុមជាមួយសមាជិកដទៃទៀតដែលមានចាប់អារម្មណ៍ដូចគ្នា។

តើអ្វីជាហានិភ័យ?

ដូចគ្នានឹងTikTok ដែរ អ្នកប្រើប្រាស់ត្រូវមានអាយុយ៉ាងតិច១៣ឆ្នាំ ដើម្បីអាចចុះឈ្មោះបង្កើតគណនីជាមួយFacebook ទោះជាយ៉ាងក៏ដោយ ក្មេងតូចៗជាច្រើនត្រូវបានគេដឹងថាបានបង្កើតគណនីក្រោមថ្ងៃខែឆ្នាំកំណើតក្លែងក្លាយ។

វេទិកានេះលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យចែករំលែកព័ត៌មានផ្ទាល់ខ្លួន រូបថត និងទីតាំងផ្ទាល់ខ្លួន ហើយនៅពេលដែលបង្ហាញតាមអនឡាញ អាចទទួលបានអត្ថប្រយោជន៍ដោយជនល្មើសផ្លូវភេទកុមារ។ គេដឹងថាជនល្មើសបានប្រមូលព័ត៌មានតាមរយៈFacebook ដើម្បីស្វែងយល់បន្ថែមអំពីកុមារដែលភ្ជាប់ទំនាក់ទំនងជាមួយពួកគេ ទទួលបានការជឿទុកចិត្ត និងលួងលោមពួកគេក្នុងគោលបំណងផ្លូវភេទ។ ខណៈមិនមានការផ្លាស់ប្តូរការកំណត់ មនុស្សម្នាក់អាចផ្ញើសំណើមិត្តភក្តិទៅអ្នកប្រើផ្សេងទៀត ទោះបីជាពួកគេជាមនុស្សចម្លែកក៏ដោយ។ នៅពេលត្រូវបានទទួលយកជាមិត្តភក្តិ ការមើលឃើញព័ត៌មានផ្ទាល់ខ្លួន និងការប្រាស្រ័យទាក់ទងគ្នាជាឯកជនអាចកើតមាន។

គណនីក្លែងក្លាយមានភាពងាយស្រួលក្នុងការបង្កើត ហើយនរណាក៏អាចក្លែងបន្លំធ្វើជាមនុស្សម្នាក់ទៀតដែលមិនមែនជាពួកគេ ដោយការបង្កើតគណនីជាមួយព័ត៌មានក្លែងក្លាយ។ ឧទាហរណ៍ មនុស្សពេញវ័យអាចដាក់ជាកុមារ ឬបុរសអាចដាក់ជាស្ត្រីឱ្យមានការ “គួរឱ្យទុកចិត្ត” កើនឡើងចំពោះភ្នែកកុមារ និងក្លាយជាមិត្តពួកគេ។ ជនល្មើសមួយចំនួនត្រូវបានគេដឹងថាបានលួចយកអត្តសញ្ញាណរបស់អ្នកដទៃដោយបង្កើតគណនីមួយដោយប្រើរូបភាពមិត្តភក្តិរបស់កុមារម្នាក់ ដែលពួកគេប្រាថ្នាចង់លួងលោម ដើម្បីបង្កើនកម្រិតនៃការជឿទុកចិត្តរបស់ពួកគេ។

ហានិភ័យមួយទៀតគឺការប៉ះពាល់ទៅនឹងមាតិកាដែលបង្កគ្រោះថ្នាក់ដែលមិនសមស្របទៅនឹងអាយុ។ ភាគច្រើនមាតិកាដែលបញ្ចូលឡើងដោយអ្នកប្រើប្រាស់Facebook គឺមិនមានច្បាប់ទម្លាប់ទេ ជាពិសេសនៅពេលផ្ញើតាមរយៈសារឯកជន ឬផ្សាយផ្ទាល់តាមរយៈFacebook Live។ រូបភាព និងវីដេអូអាសអាភាស និងបែបផ្លូវភេទត្រូវបានផ្ញើទៅឱ្យកុមារដោយជនល្មើស ហើយពួកគេស្នើសុំ ឬយាយីកុមារឱ្យចូលរួម និងបញ្ជូនសម្ភារៈផ្លូវភេទដោយខ្លួនឯងតាមរយៈវេទិកានេះផងដែរ។

ការរក្សាគណនីឲ្យមានសុវត្ថិភាព

នៅពេលដែលគណនីមួយបានបង្កើត ការកំណត់ឯកជនភាពគួរតែត្រូវធ្វើដើម្បីកំណត់ថានរណាអាចឃើញអ្វីដែលអ្នកបង្ហោះ ទំព័រអ្វីដែលអ្នកចូលចិត្ត នរណាអាចដាក់សំណើជាមិត្តភក្តិ ហើយផ្ញើសារទៅអ្នក នរណាអាចដាក់អ្នកឲ្យទទួលបានរូបថតដែលគេបង្ហោះ​ (Tag) និងដឹងពីទីកន្លែងរបស់អ្នក។

តាមរយៈការកំណត់ អ្នកអាចដាក់មនុស្សណាដែលមានលើតារាងមិត្តភក្តិទៅជា “បញ្ជីហាមប្រាម” ការធ្វើឱ្យពួកគេអាចមើលឃើញតែការបង្ហោះដែលអ្នកកំណត់សម្រាប់ការមើលឃើញជាសាធារណៈប៉ុណ្ណោះ។ ការបិទចោលអាចត្រូវបានប្រើដើម្បីរារាំងអ្នកប្រើប្រាស់ជាក់លាក់ មាតិកាជាក់លាក់ ការអញ្ជើញចូលរួមព្រឹត្តិការណ៍ និងជាច្រើនទៀត ដើម្បីការពារអ្នកពីការមើលមាតិកាដែលមិនចង់បាន និងទទួលសារដែលមិនចង់បាន។ មនុស្ស និងមាតិកាអាចត្រូវបានរាយការណ៍តាមរយៈកម្មវិធីនេះ ប្រសិនបើពួកគេកំពុងទទួលរងការរំលោភបំពាន ឬមានគ្រោះថ្នាក់ណាមួយ។

សូមប្រាកដថាជៀសវាងការបង្ហោះមាតិការសើបណាមួយ និងព័ត៌មានផ្ទាល់ខ្លួន ឬរូបថតដែលអាចប្រើទៅមានផលប៉ះពាល់ដល់អ្នក និងជៀសវាងស្នើមនុស្សដែលអ្នកមិនស្គាល់ធ្វើជាមិត្តតាមអនឡាញ។


ដោយមិនគិតថាកម្មវិធីណាត្រូវបានគេប្រើក៏ដោយ វិធីល្អបំផុតដើម្បីជួយទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ គឺត្រូវ ប្រាស្រ័យទាក់ទងដោយបើកចំហអំពីសកម្មភាពតាមអ៊ីនធឺណិត ការពិភាក្សារវាងឪពុកម្តាយ និងកូនៗអំពីហានិភ័យផ្សេងៗនៃវេទិកាអនឡាញ ដោយគិតពិចារណាអំពីអ្នកដែលត្រូវបានទាក់ទងជាមួយតាមអ៊ីនធឺណិត និងធ្វើឱ្យមានជម្រើសក្នុងការប្រើអ៊ីនធឺណិតប្រកបដោយភាពវៃឆ្លាត និងសុខមាលភាព។

ប្រសិនបើអ្នកដឹងថាកុមារម្នាក់ត្រូវបានគេកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ អ្នកអាចរាយការណ៍ដោយអនាមិកទៅកាន់គេហទំព័រ www.internethotlinecambodia.org ឬទូរស័ព្ទរាយការណ៍ពិសេស២៤ម៉ោងរបស់អង្គការសកម្មភាពដើម្បីកុមារ គឺ ០៩២ ៣១១ ៥១១

Share this article
Share on facebook
Share on twitter

Report it, Don’t ignore it If you see child sexual abuse images online.